ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម អូស្មាន ហាស្សាន់៖ ស្ថាប័នគរុភ័ណ្ឌអារ៉ាប៊ីសាអូឌីត ត្រៀមខ្លួនជានិច្ចដើម្បីចូលរួមក្នុងការអភិវឌ្ឍនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្ដម អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ស្ថាប័នគរុភ័ណ្ឌអារ៉ាប៊ីសាអូឌីត ត្រៀមខ្លួនជានិច្ច ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍នៅកម្ពុជា។

ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេសបានបញ្ជាក់បែបនេះ ខណៈដែលឯកឧត្ដម ទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Abdu llah Mohamed Al Yahya គណៈប្រតិភូស្ថាប័នគរុភ័ណ្ឌ ហ្សៃខ សឡេះ អាល់រ៉ុចហ៊ី អារ៉ាប៊ីសាអូឌីត និងជាប្រធានការិយាល័យក្រុមប្រឹក្សាសាសនាអ៊ិស្លាម នៃស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំក្រុងបាងកក នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា នាថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ។

លោកបណ្ឌិត Abdullah Mohamed Al Yahya តំណាងស្ថាប័នគរុភ័ណ្ឌ ហ្សៃខ សឡេះ អាល់រ៉ុចហ៊ី អារ៉ាប៊ីសាអូឌីត បានសម្តែងការកោតសរសើរពីគោលនយោបាយ សុខដុមបនីយកម្ម ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលដឹកនាំនាវាសន្តិភាព សុខដុមបនីយកម្មនៅកម្ពុជាអស់រយៈពេលជាង៣ ទសវត្សរ៍ បានប្រែក្លាយទៅជាប្រទេសដែលមានសេរីភាព សប្បូរសប្បាយ រីកចម្រើនរុងរឿង នឹងត្រូវបានកោតសរសើរនៅលើឆាកអន្តរជាតិ។

ក្នុងនាមគរុភ័ណ្ឌ ហ្សៃខ សឡេះ អាល់រ៉ុចហ៊ី លោករីករាយនឹងរួមសហការជាមួយ ថ្នាក់ដឹកនាំអ៊ិស្លាមនៅកម្ពុជាលើវិស័យគរុភ័ណ្ឌ ដើម្បីចូលរួមចំណែកបន្តការអភិវឌ្ឍ វិស័យចាំបាច់នានា ដែលរាជរដ្ឋាភិបាលកម្ពុជាមានតម្រូវការក្នុងការអភិវឌ្ឍប្រទេសជាតិ និងសហគមន៍របស់ខ្លួន។

ឯកឧត្ដមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានអរគុណ ចំពោះគោលបំណង របស់ភាគីស្ថាប័នគរុភ័ណ្ឌហ្សៃខ សឡេះ អាល់រ៉ុចហ៊ី មកពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលមើល ឃើញនិងកោតសរសើរការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយក្នុងនាមភាគីកម្ពុជា រីករាយនឹងសហការជា ដៃគូដើម្បីទទួលអនុវត្តន៍គម្រោងមនុស្សធម៌របស់ស្ថាប័នគរុភ័ណ្ឌសាសនាមួយនេះ ឱ្យដំណើរការឆ្ពោះទៅមុខនៅកម្ពុជា ដើម្បីចូលរួមលើកស្ទួយអភិវឌ្ឍន៍វិស័យនានា ដែលចាំបាច់ផ្សេងៗនៅកម្ពុជា ជាពិសេសវិស័យអប់រំ ពាណិជ្ជ កម្ម ឧស្សាហកម្ម កសិកម្ម និងវិស័យដទៃទៀត ដែលសហគមន៍ ខ្មែរអ៊ិស្លាមនៅតែមានតម្រូវការ ដល់ភាគីគរុភ័ណ្ឌ ចូលរួមលើកស្ទួយ៕

ដោយ សួស សំរិត