ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ការប្រកួតបាល់ទាត់លីគលំដាប់ទី១ចាប់ផ្តើមឡើងវិញ សម្រាប់សប្តាហ៍ទី២០ នាថ្ងៃសៅរ៍ស្អែកនេះ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ — ការប្រកួតបាល់ទាត់ក្របខ័ណ្ឌលំដាប់ទី១ ឬលីគកំពូល កម្ពុជានឹងត្រូវចាប់ផ្តើមដំណើរ ការឡើងវិញនាថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នំា២០១៨ សម្រាប់ជំនួបសប្តាហ៍ទី២០ ក្រោយពេល សម្រាកអស់រយៈពេល ២សប្តាហ៍កន្លងទៅ ដោយសារការប្រមូលផ្តុំក្រុមជម្រើសជាតិ។ 
ក្រោយពីការរំសាយក្រុមជម្រើសជាតិកម្ពុជា, គណៈកម្មការបាល់ទាត់ជាតិកម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញបញ្ជីការប្រកួតសម្រាប់សប្តាហ៍ទី២០ ដោយថ្ងៃទី១៥ ខែកញ្ញា ស្អែកនេះ រួមមាន៖ ក្រុមណាហ្គាវើលប៉ះក្រសួងការពារជាតិ ខណៈក្រុមវិសាខា ត្រូវប្រកួតជា មួយក្រុមអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅទីលាន ស្ដាតចាស់ ហើយក្រុមព្រះខ័នរាជស្វាយរៀង ទទួលក្រុមភ្ញៀវ សូលទីឡូអង្គរ នៅកីឡ ដ្ឋានខេត្តស្វាយរៀង។ ចំពោះ៣ប្រកួត នាថ្ងៃទី១៦ ខែកញ្ញានោះ រួមមាន៖ ក្រុមវេស្ទើនភ្នំពេញប៉ះជាមួយអង្គរថាយហ្គឺរ, អាស៊ីអឺរ៉ុប ប៉ះជាមួយភ្នំពេញ ស្របពេលដែលបឹងកេងនឹងត្រូវប្រជែងរកពិន្ទុបន្ថែម ជាមួយក្រុម អគ្គិសនីកម្ពុជា។

យោងតាមតារាងពិន្ទុសប្តាហ៍ទី១៩បញ្ជាក់ថា ពេលនេះក្រុមណាហ្គាវើលកំពុង ឈរលើ កំពូលតារាង ដែលមាន៤៧ពិន្ទុ និងក្រុមការពារតំណែងជើងឯករដូវកាលចាស់ បឹងកេត ឈរនៅចំណាត់ថ្នាក់លេខ២ មាន ៤៥ពិន្ទុ និងក្រុមវិសាខាឈរលេខ៣ មាន៤២ពិន្ទុ ដោយ៣ក្រុមលើកំពូលតារាងបណ្តោះអាសន្ននេះមានឱកាស ប្រជែងម្ចាស់ដំណែងជើងឯក រដូវកាល ២០១៨នេះ៕

ដោយ ហេង ណាលីន