ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ព្រឹត្តិការណ៍កីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ឆ្នាំនេះទាក់ទាញបានអត្តពលិកមកពីគ្រឹះស្ថានអប់រំចំនួន២២

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ — ព្រឹត្តិការណ៍កីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សា បច្ចេកទេសជើងឯកថ្នាក់ ជាតិឆ្នាំ២០១៨ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែកញ្ញាខាងមុខនោះ ទាក់ទាញបានការចូលរួមពីអត្តពលិកចំនួន៦៩៩នាក់ មកពី២២គ្រឹះស្ថានអប់រំរបស់រដ្ឋ និងឯកជន។

នេះបើតាមការបញ្ជាក់ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមការរៀបចំពីនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិតនៃក្រសួងអប់រំ យុវជន និងកីឡា។

លោក ដួង មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត និយាយថា ឆ្នាំនេះគ្រឹះ ស្ថានឧត្តមសិក្សា និងមធ្យមសិក្សាឯកទេសចំនួន២២ ចូលរួមប្រកួត ប្រជែងមេដាយ ដែលក្នុងនោះគ្រឹះស្ថាន កម្រិតឧត្តមសិក្សាទាំង២២នេះ គឺមាន៨គ្រឹះស្ថាន មកពីបណ្តាខេត្តនានា។ ការប្រកួតនេះមាន៦ប្រភេទកីឡា ដូចបណ្តាឆ្នាំមុនៗដែរ មានដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ និងវាយកូនឃ្លីលើតុ។ ក្នុងចំណោម កីឡាករ-កីឡាការិនីចូលរួមសរុបចំនួន ៦៩៩នាក់ ក្នុងនោះមាននារី ចំនួន៩៤នាក់។

គួរបញ្ជាក់ថា ថ្លៃចំណាយលើការហូបចុក និងស្នាក់នៅសណ្ឋាគាររបស់កីឡាករ-កីឡាការិនីទាំងអស់ ដែលមកពីបណ្ដាខេត្តនានាត្រូវបានក្រសួងអប់រំ យុវជន និងកីឡាជាអ្នក ទទួលបន្ទុកចំណាយទាំងស្រុង ប៉ុន្តែអត្តពលិកដែលរស់នៅរាជធានីភ្នំពេញទទួលបានតែថ្លៃ ម្អូបអាហារប៉ុណ្ណោះ៕

ដោយ ហេង ណាលីន