ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ជម្រើសជាតិកីឡារំា ចេញទៅប្រកួតអន្តរជាតិជាលើកដំបូង ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី​នៅប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ — កីឡាករ កីឡាការិនីរំាកម្ពុជា៩នាក់ បានចេញដំណើរកាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីចូលរួមប្រកួតកីឡារាំជ្រើសរើសជើងឯកអាស៊ីនៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជា មានិតចិន ដែលគ្រោងប្រកួតនៅថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយការចូលរួម របស់កម្ពុជាលើវិស័យកីឡារាំលើឆាកអន្តរជាតិមួយនេះគឺជាលើកដំបូងរបស់ខ្លួន។

ថ្លែងបញ្ជាក់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ស៊ូវ តុង គ្រូបង្វឹកជម្រើស ជាតិកីឡារំាកម្ពុជាបានឱ្យដឹងថា ការបញ្ជូនអត្តពលិកកីឡារាំ នៅព្រឹត្តិការណ៍ជើងឯកកីឡារំាអាស៊ី “ADSF Asian Single Dance Sport Championship 2018” គឺជាលើកទី១ ដើម្បីបានស្រង់បទពិសោធន៍ និងពង្រឹងគុណភាពបច្ចេកទេសរបស់ ពួកគេឱ្យបានកាន់តែប្រសើរ។

ក្រៅពីការឈានជើងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិលើកនេះ ក៏គ្រោងនឹងបញ្ជូនចូល រួមប្រកួតលក្ខណៈអន្តរជាតិ ២ផ្សេងទៀត នាចុងឆ្នាំ២០១៨នេះដែរ គឺនៅប្រទេសវៀតណាម និង នៅប្រទេសចិន មុនពេលដែលត្រូវត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសហ្វ៊ីលីពីននា ឆ្នាំ២០១៩ ខាងមុខ។

គ្រូបង្វឹករូបនេះបន្ថែមថា នៅក្នុងរយៈពេល៣ឆ្នាំ ដែលសហព័ន្ធកីឡាជាតិមួយនេះត្រូវបាន បង្កើតឡើង ជាមួយនឹងការខិតខំបណ្តុះបណ្តាលថ្នាលយុវជនរបស់ខ្លួន ទើបនៅពេលនេះសហព័ន្ធ បានបញ្ជូនអត្តពលិក ចំនួន៩នាក់ និងគ្រូ២នាក់ទៅចូលរួមលើឆាកអន្តរជាតិជាលើកដំបូងរបស់ខ្លួន នាពេលនេះ។ លោកបានបង្ហាញ នូវក្តីបារម្ភក្នុងការប្រជែងមេដាយ ដោយសារនេះជាលើកដំបូង ខណៈបណ្តាប្រទេសដែលចូលរួមមានបទ ពិសោធន៍ច្រើនរាប់សិបឆ្នាំ និងមានធនធាន អត្តពលិកក៏ច្រើនដែរ។ ប៉ុន្តែទោះយ៉ាងនេះក្តី ក៏លោកនឹងជួយជំរុញ អត្តពលិកទាំងអស់ឱ្យ ខិតខំអស់ពីសមត្ថភាព ដើម្បីដណ្តើមបានកិត្តិយសយកមកជូនជាតិដែរ។

សូមបញ្ជាក់ថា កីឡាករកីឡាការិនីទាំង៩នាក់ នឹងត្រូវប្រកួតលើវិញ្ញាសាចំនួន១០ ដោយមានកីឡាករ ច័ន្ទ វ៉ិចទ័រ, ម៉ូវ ដាវីន, សេង សុខគីម និងកីឡាករ ភុន ស៊ីវុត្រា និងកីឡាការិនី ព្រាប ដានីឡា, សាន រូស្សា, យី អ៊ីលីង, ហ៊ាន លក្ម្សី និងកីឡាការិនី ម៉ូវ ដានីតា៕ 

ដោយ ហេង ណាលីន