ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក មូន ថា នឹងស្វែងរកធ្វើការសម្របសម្រួល ការធ្វើមិនឱ្យមាននុយក្លេអ៊ែរក្នុងកិច្ចប្រជុំកំពូល

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ — ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចា – អ៊ីន ( Moon Jae –in ) បាននិយាយពីថ្ងៃព្រហស្បតិ៍នេះ ថា លោកនឹងស្វែងរកធ្វើការសម្របសម្រួលគ្នាមួយ ដើម្បីធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរនៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខរបស់លោកជាមួយមេដឹកនាំកំពូលកូរ៉េខាងជើងលោកគីម ចុងអ៊ុន(Kim Jong un) ។


តាមវិមានខៀវ ប្រធានាធិបតីឱ្យដឹងថា លោក មូន បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងកិច្ចប្រជុំ មួយ ជាមួយពួកទីប្រឹក្សាជាន់ខ្ពស់ ស្តីពីកិច្ចការឧបទ្វីបនេះ ដែលរួមមានទាំងអតីតរដ្ឋមន្ត្រីបង្រួបបង្រួមគ្នា ព្រមទាំងពួកអ្នកជំនាញការកូរ៉េខាងជើង ។

ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា លោកមានទស្សនជាវិជ្ជមានមួយលើការធ្វើមិនឱ្យមាន នុយក្លេអ៊ែរ នៅពេលដែលមេដឹកនាំកូរ៉េខាងជើង និង ស.រ.អា បានបញ្ជាក់អះអាងនូវជំនឿទុកចិត្តរបស់ខ្លួនទៅវិញទៅមកតាមរយៈការផ្លាស់ប្តូរលិខិតគ្នា ព្រមទាំងបានបញ្ជាក់អះអាងនូវបំណងប្រាថ្នា របស់ខ្លួនចំពោះការធ្វើមិនឱ្យមាននុយក្លេអ៊ែរ ហើយនឹងការបញ្ចប់នូវទំនាក់ទំនងអមិត្តរវាងក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ីងតោន ។

លោក មូន បាននិយាយផងដែរ ពីការផ្អាករបស់កូរ៉េខាងជើង នូវការបង្កហេតុណាមួយចាប់តាំងពីខែវិច្ឆិកា ឆ្នាំកន្លងទៅ​ ព្រមទាំងការរំលាយកន្លែងធ្វើតេស្តនុយក្លេអ៊ែរយ៉ាងសំខាន់របស់ខ្លួន ហើយនិងកន្លែងធ្វើតេស្តក្បាលម៉ាស៊ីន មីស៊ីលរបស់ខ្លួន ដោយនិយាយថា ក្នុងការឆ្លើយតបកូរ៉េខាងត្បូង និង ស.រ.អា បានបញ្ឈប់ល្បែងសង្គ្រាមរួមប្រចាំឆ្នាំ ។

លោកបាននិយាយថា កូរ៉េខាងជើង បានទាមទារនូវវិធានការអាមេរិកដែលស៊ីគ្នា​ទៅនឹងជំហាននៃការធ្វើមិនឱ្យមាននុយក្លេអ៊ែរ ថែមទៀតរបស់ខ្លួនដូចជាការ​រំលាយចោលអាវុធនុយក្លេអ៊ែរ , គ្រឿងសម្ភារ​ព្រមទាំងសេវា ដែលក្រុងព្យុងយ៉ាងមានបច្ចុប្បន្ន ។

នៅក្រោមស្ថានការណ៍បែបនេះ លោក មូន បាននិយាយថា កូរ៉េខាងត្បូង អាចស្នើធ្វើការសម្របសម្រួលគ្នាមួយ ដើម្បីបញ្ចប់ភាពទាល់ច្រក ហើយនឹងធ្វើការសន្ទនាគ្នាឱ្យបានរួសរាន់រវាងក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ីងតោន ដែលនឹងបង្កើនល្បឿនដំណើរការធ្វើមិនឱ្យមាននុយក្លេអ៊ែរ ។

ក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខរបស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើងលោក មូន បាន គ្រោងផ្តោតទៅលើការលុបបំបាត់នូវលទ្ធភាពណាមួយ ដែលធ្វើឱ្យមានភាពតានតឹងខាងយោធា ឬជម្លោះ រវាង កូរ៉េទាំងពីរ ដោយឡែកបញ្ចប់ទាំងស្រុងការគំរាមកំហែងណាមួយ នៃជម្លោះប្រដាប់អាវុធនៅក្នុងតំបន់ព្រំដែនលើគោកក្នុងទឹក និងអាកាស ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )