ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ.ជ.ប សម្រេចលុបឈ្មោះតំណាងរាស្ត្រ៥០នាក់

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានសម្រេចទទួលស្គាល់បេក្ខជនតំណាងរាស្ត្រថ្មីចំនួន៣៨រូប ក្រោយពីលុបឈ្មោះបេក្ខជនតំណាងរាស្ត្រចំនួន៥០រូប ដែលត្រូវបានរដ្ឋសភាផ្តល់សេចក្តីទុកចិត្តឱ្យទៅកាន់តំណែងក្នុងជួររាជរដ្ឋាភិបាលវិញ។

គ.ជ.ប បានឱ្យដឹងថា បេក្ខជនតំណាងរាស្ត្រថ្មីចំនួន៣៨រូប ដែលត្រូវបានទទួលស្គាល់នេះ គឺមាននៅមណ្ឌលបាត់ដំបងចំនួន២រូប មណ្ឌលកំពង់ចាមចំនួន៤រូប មណ្ឌលកំពង់ឆ្នាំងចំនួន៣រូប មណ្ឌលកំពង់ស្ពឺចំនួន៣រូប មណ្ឌលកំពង់ធំចំនួន១រូប មណ្ឌលកណ្តាល៥រូប មណ្ឌលក្រចេះចំនួន១រូប មណ្ឌលរាជធានីភ្នំពេញចំនួន៤រូប មណ្ឌលព្រៃវែងចំនួន៥រូប មណ្ឌលពោធិ៍សាត់ចំនួន៣រូប មណ្ឌលព្រះសីហនុចំនួន២រូប មណ្ឌលកែបចំនួន១រូប មណ្ឌលតាកែវចំនួន១រូប មណ្ឌលឧត្តរមានជ័យចំនួន១រូប និងមណ្ឌលត្បូងឃ្មុំចំនួន២រូប។

ថ្លែងប្រាប់វិទ្យុជាតិកម្ពុជានៅថ្ងៃទី១៤ ខែកញ្ញានេះ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បានពន្យល់ថា ការសម្រេចទទួលស្គាល់បេក្ខជនតំណាងរាស្ត្រថ្មី និងលុបឈ្មោះបេក្ខជនតំណាងរាស្ត្រចេញពីបញ្ជីគ.ជ.បនេះ គឺធ្វើឡើងតាមសំណើរបស់គណបក្សប្រជាជនកម្ពុជា ក្រោយពីសមាជិកជាប់ឆ្នោតជាតំណាងរាស្ត្រចំនួន៥០រូប បានដាក់ពាក្យលាលែងក្នុងបេក្ខភាពជាសមាជិកសភា ដើម្បីទៅកាន់តំណែងថ្មីក្នុងជួររាជរដ្ឋាភិបាលវិញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីសប្តាហ៍កន្លងទៅនេះ បានណែនាំឱ្យសមាសភាពរាជរដ្ឋាភិបាលថ្មី ដែលមានឋានៈចាប់ពីទេសរដ្ឋមន្ត្រីចុះក្រោម ហើយបានជាប់ឆ្នោតជាតំណាងរាស្ត្រនោះ ត្រូវដាក់ពាក្យលាលែងចេញពីសមាជិកភាពជាតំណាងរាស្ត្រ ដោយយោងទៅតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ថា មានតែថ្នាក់នាយករដ្ឋមន្ត្រី និងថ្នាក់ឧបនាយករដ្ឋមន្ត្រីប៉ុណ្ណោះ ដែលអាចកាន់តួនាទីក្នុងជួររាជរដ្ឋាភិបាលផង និងជាសមាជិករដ្ឋសភាផងបាន។

សូមបញ្ជាក់ថា រដ្ឋសភា សម្រាប់នីតិកាលទី៦នេះ គឺមានសមាជិកសរុបចំនួន១២៥រូប មកពីមណ្ឌលរាជធានីខេត្តទាំង២៥ នៃប្រទេសកម្ពុជា។ សមាជិកទាំងនេះ ត្រូវបានបែងចែកតាមគណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដើម្បីអនុវត្ត និងដោះស្រាយការងារតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត៕