ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ្នកប្រកបអាជីវកម្ម ផលិតចប ពូថៅ កាំបិត បានរកឃើញបច្ចេកទេសថ្មីទាន់សម័យងាកមកប្រើគ្រឿងម៉ាស៊ីន ដំដែកជំនួសកម្លាំងវិញ

AKP កំពង់ធំ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ –លោក ម៉ាត់ ហៀត ជនជាតិខ្មែរអ៊ិស្លាមជាអ្នកប្រកបមុខរបរ អាជីពផលិតកាំបិត ពូថៅ ញញួរ ចប និងខ្វែវ ព្រមទាំងជួសជុលគ្រឿងដែកផ្សេងទៀត ស្ថិតនៅភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  នៅថ្ងៃព្រហស្បតិ៍ ០៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក   ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ បានឱ្យដឹងថា ក្រុមគ្រួសារ និងសាច់ញាតិរបស់លោកបានចាប់យកអាជីពមួយនេះអស់រយៈពេលជាង៣០ឆ្នាំមកហើយ ហើយរយៈពេល ៣០ឆ្នាំកន្លងមកនេះ  គឺក្រុមគ្រួសារ និងអ្នកជិតខាងបានប្រើកម្លាំងមនុស្សចាប់ពី៣នាក់ ទៅ៤នាក់ ទើបអាចដំដែកថែប និងដែកជន្ទៀសបាន ហើយផលិតកាំបិត ពូថៅ ចប និងខ្វែវ បានត្រឹមតែ៦ទៅ៨ប៉ុណ្ណោះ

តែមកដល់ឆ្នាំ២០១៨នេះ គាត់បានរកឃើញបច្ចេកទេសថ្មី ដោយទិញគ្រឿងម៉ាស៊ីន តម្លៃជាង.០០០ដុល្លារអាម៉េរិក មកដំ និងផលិតជំនួសកម្លាំងមនុស្សវិញពីព្រោះការងាកមកប្រើដោយម៉ាស៊ីននេះវាលឿនជាង ការផលិតដោយកម្លាំងមនុស្ស ហើយអាចផលិតកាំបិត ចប ពូថៅបានច្រើនជាងមុនទ្វេដង និងអាចរកប្រាក់ចំណេញបានជាមធ្យមចាប់ពី១២ម៉ឺនទៅ១៥ម៉ឺនរៀលក្នុង១ថ្ងៃ លោកបន្តថា សព្វថ្ងៃនេះមានអតិថិជនបានចូលមកកម្មង់ទិញដុំ និងរាយ និងជួសជុល ច្រុងថ្មីឡើងវិញជារៀងរាល់ថ្ងៃ ស្ទើរតែរកពេល    ផលិតឱ្យគេមិនទាន់ផង។

 លោកបញ្ជាក់ថា  ជាងដំដែកផលិតកាំបិត ចប ពូថៅ និងខ្វែវ នៅក្នុងខេត្តកំពង់ធំ បែបទាន់សម័យនេះ ទើបតែមានចំនួន២ទៅ៣កន្លែងប៉ុណ្ណោះ ក្រៅពីនេះនៅបន្តផលិតដោយកម្លាំងមនុស្សដដែល ដូចជាបងប្អូនខ្មែរអ៊ិស្លាម ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក ម៉ាត់ ហៀត បានបន្ថែមថា អាជីវកម្មផលិត កាំបិត ចប ពូថៅ និងខ្វែវ បច្ចុប្បន្នកំពុងតែវិវឌ្ឍន៍ជ្រើសរើសយកដែកជន្ទៀសមកផលិតទាំងស្រុង ពីព្រោះដែកជន្ទៀស រឹងមាំ ជាងដែកថែប មុតជាង ងាយស្រួលដល់អ្នកយកទៅប្រើប្រាស់ ហើយលក់ក្នុងតម្លៃសមរម្យ កាំបិតវែង១ តម្លៃ ពី៥ទៅ៦ម៉ឺនរៀល ចំណែកពូថៅ និងកាំបិតខ្លី តម្លែ ៣៥.០០០រៀលទៅ ៤០.០០០រៀល។  ក្រៅពីការផលិតកាំបិតពូថៅចប និងខ្វែវ ខាងលើនេះ លោកក៏មានការទទួលបង្ហាត់បង្រៀនសិស្សតាមបែបទាន់សម័យនេះផងដែរ ដែលមានទីតាំងផ្លូវចូលភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ៕  

ដោយសួស សំរិត