ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វគ្គបណ្ដុះបណ្ដាលស្តីពី ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ជំនាន់ទី២

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៨ –ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា នៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងចែកជូននូវវិញ្ញាបនបត្រ ដល់សិក្ខាកាមចំនួន ៧៦នាក់ ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ជំនាន់ទី២។

 

ប្រភពដដែលបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការវ័យក្មេង ដែលបានប្រឡងជាប់ក្របខណ្ឌថ្មី របស់ក្រសួងបរិស្ថាន ឱ្យមានមូលដ្ឋានគ្រឹះ និងចំណេះដឹង ចំណេះធ្វើ ការងារគ្រប់គ្រងវិស័យបរិស្ថាន និងដើម្បីឆ្លើយតបនឹងការកែទម្រង់លើវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាទំពាំងស្នឫស្សីដើម្បីរួមចំណែកអនុវត្តន៍ការងាររបស់ក្រសួង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនា គត ឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ និងដើម្បីបំពេញបេសកកម្មឱ្យក្រសួង និងមន្ទីរប្រែក្លាយទៅជារដ្ឋបាលទំនើបក្នុងអាណត្តិថ្មីនេះ។

 

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញ និងលើកទឹកចិត្តដល់មន្រ្តីវ័យក្មេងឱ្យចេះប្រែក្លាយឱកាស ដើម្បីអភិវឌ្ឍន៍ខ្លួន និងចាប់យកការបំពាក់បំប៉នស្មារតី និងគោលជំហរ ដើម្បីក្លាយជាមន្ត្រីល្អ និងមានភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់អំពីការធ្វើទំនើបកម្មថ្មីក្នុងអាណត្តិថ្មី ធ្វើយ៉ាងណាដើម្បីឆ្លើយតបនឹងការកែទម្រង់លើវិស័យបណ្ដុះបណ្ដាលធនធានមនុស្សដល់មន្រ្តីថ្មី និងមន្រ្តីបានបម្រើការងារយូរហើយបន្ថែមទៀត ដែលជាទំពាំងស្នងឫស្សីក្នុងការរួមចំណែកអនុវត្តន៍ការងាររបស់ក្រសួងបរិស្ថាន ជាពិសេសការសិក្សាឈ្វេងយល់ ក៏ដូចជាការអនុវត្តការងារលើវិស័យបរិស្ថាន និងអភិវឌ្ឍន៍ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគតឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

 

ដោយឡែក ឯកឧត្តម សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា នេះជាវគ្គបណ្តុះបណ្តាលជំនាន់ទី២ នៅក្នុងឆ្នាំ២០១៨នេះ សម្រាប់វគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ” ជំនាន់ទី២ មានរយៈពេល២០ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ដល់មន្ត្រីរាជការដែលប្រឡងក្របខណ្ឌឆ្នាំ២០១៧ សរុបចំនួន ៧៦នាក់ ដែលមានប្រធានបទចម្បងចំនួន ៨ប្រធានបទ ប្រធានបទរងចំនួន ៣៨ប្រធានបទ សុទ្ធសឹងតែជាការងារស្នូលរបស់ក្រសួងបរិស្ថានទាំងមូល រួមមាន៖ ការរៀបចំផែនការថវិកា នីតិវិធីលទ្ធកម្ម កិច្ចដំណើរការហិរញ្ញវត្ថុ ការធ្វើសវនកម្មផ្ទៃក្នុង ការធ្វើអធិការកិច្ច ការគ្រប់គ្រងគុណភាពខ្យល់ សំឡេង ទឹក សំណល់រឹង សារធាតុគ្រោះថ្នាក់ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ការធ្វើអធិការកិច្ចបំពុលនិងការពង្រឹងការអនុវត្ត ច្បាប់ ការគ្រប់គ្រងតំបន់ការពារធម្មជាតិដីគោក ដីសើមទឹកសាប ការអភិរក្សមុទ្រ តំបន់ឆ្នេរ ការគ្រប់គ្រងសហគមន៍ ការគ្រប់គ្រងបេតិកភណ្ឌ ការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ការគ្រប់គ្រងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសេដ្ចកិច្ចបៃតង វិទ្យាសាស្ត្រនិងបច្ចេកទេស ការគ្រប់គ្រងជីវៈចម្រុះ ជីវសុវត្ថិភាព ការងារសេវាកម្ម ព័ត៌មានភូមិសាស្ត្រ ការងារអប់រំបរិស្ថាន ការគ្រប់គ្រងព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន ក្របខណ្ឌការផ្ដល់រង្វាន់លើកទឹកចិត្ត វិធីសាស្ត្រឆ្លើយតបទៅនឹងប្រព័ន្ធព័ត៌មានវិទ្យា និងការបំពាក់បំប៉នស្មារតី និងគោលជំហររបស់សិក្ខាកាមទាំងអស់ ដើម្បីក្លាយជាមន្ត្រីល្អ និងមានភាពជាអ្នកដឹកនាំ។ លទ្ធផលទទួលបានខាងលើត្រូវបានចាត់ទុកជាកាតាលីករ ជំរុញក្នុងការសម្រេចគោលដៅ នៃការកសាងនិងអភិវឌ្ឍន៍ធនធានមនុស្សដោយជោគជ័យ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយជាអតិបរមាលើភាពខ្វះចន្លោះរវាងធនធានមនុស្សផងដែរ៕

ដោយ ទេស ច័ន្ទសុធារី