ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ចម ប្រសិទ្ធ អញ្ជើញចូលរួមក្នុង ពិធីបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការនៅខេត្តកំពត

AKP កំពត ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨​ — ពិធីបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការ ដែលមានស្នាដៃល្អក្នុងការ បំពេញភារ កិច្ចបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋដែលបានបរិច្ចាគដីផ្ទាល់ ខ្លួនចូលរួមកសាង ផ្លូវមួយខ្សែនៅភូមិស្នំប្រាំពីរ និងភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតកិត្តិសេដ្ឋា ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងមានការចូលរួមពី លោក ប៉ឹល កុសល អភិបាលរងខេត្តផងដែរ។

ក្នុងឱកាសនោះ គណៈអធិបតីក៏បានបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការ ចំនួន៣៣នាក់ ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ ចំនួន១១៦នាក់ ដែលបានបរិច្ចាគដីផ្ទាល់ខ្លួនចូលរួមកសាងផ្លូវមួយខ្សែនៅភូមិស្នំប្រាំពីរ និងភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ប្រវែង ជាង៦គីឡូម៉ែត្រ។

សូមជម្រាបថា ពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិ លោក លោកស្រី ជាសមាជិក ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បងប្អូនប្រជាពលរដ្ឋ យុវជនទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុប ៦៨២នាក់ផងដែរ៕

ដោយ ប្រាក់ លាង