ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរជាតិអប្សរា និងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ បន្តកិច្ចសហការលើការអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរ

AKP សៀមររាប ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ — អាជ្ញាធរជាតិអប្សរានិងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ នឹងបន្តកិច្ចសហការលើការ អភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរ​ជាបន្តទៀត ដែលការព្រមព្រៀងនេះបានធ្វើ ឡើងនា ថ្ងៃ៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨​ ពោលគឺក្នុងឱកាសដែលគណៈប្រតិភូកូរ៉េដឹកនាំដោយលោក Kwon Sagju នាយកផ្នែក ផែនការនៃមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KOCHEF) បានចូលជួបពិភាក្សា ការងារជាមួយ ឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដោយផ្តោតលើការងារ បន្តគម្រោង អភិរក្សជួសជុលក្រុមប្រាសាទពិធូរ ដែលនឹងត្រូវបញ្ចប់ជំហានទី១នៅ ចុងឆ្នាំ២០១៨ និងពិភាក្សាអំពីការអនុវត្តបន្តសម្រាប់ជំហានទី២នៅឆ្នាំ២០១៩។

នៅក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរបានសន្យាពង្រឹងទំនាក់ទំនងល្អ រវាងស្ថាប័នKOCHEF និងអាជ្ញាធរជាតិអប្សរាឱ្យកាន់តែរឹងមាំ។ ជាពិសេសភាគីកូរ៉េ បានថ្លែង អំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែលអនុញ្ញាតឱ្យអ្នកជំនាញ កូរ៉េបានចូលរួម ក្នុងកិច្ចការអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរក្នុងតំបន់អង្គរ និងបានរៀនសូត្រ បន្ថែមពីអាជ្ញាធរជាតិអប្សរា។
​រីឯអាជ្ញាធរជាតិអប្សរាក៏បានថ្លែងអំណរគុណវិញដល់មូលនិធិបេតិកភណ្ឌវប្បធម៌ កូរ៉េ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ និងបានបណ្តុះបណ្តាលជំនាញផ្សេងៗ ដល់អ្នក ជំនាញខ្មែរទាំងក្នុងនិងក្រៅប្រទេសនាពេលកន្លងមក។ ដើម្បីចែករំលែកនូវបទ ពិសោធន៍ល្អៗទាំងលើកិច្ចការអភិរក្សនិងការគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ភាគីទាំងពីរបានឯកភាពទៅលើកម្មវិធីបណ្តុះបណ្តាលនាពេលអនាគត ដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា ជំនាញវិទ្យាសាស្ត្រអំពីការអភិរក្ស និងជួសជុលបេតិកភណ្ឌ និងការគ្រប់គ្រងទូទៅក្នុងតំបន់បេតិកភណ្ឌពិភពលោក។

គួររម្លឹកថា គម្រោងជួសជុលអភិរក្សក្រុមប្រាសាទព្រះពិធូរ បានចាប់ផ្តើមឡើងតាំង ពីឆ្នាំ២០១៥ ហើយនឹងបញ្ចប់ជំហានដំបូងនៅចុងឆ្នាំ២០១៨នេះ៕

ដោយ​ ហង្ស សៀក