ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកបណ្ឌិត គីម ហ៊ាង៖ ចង់ឃើញការប្រកួតចាញ់ ឬឈ្នះនៃ Khmer Real Estate League ដោយសារសមត្ថភាពពិតប្រាកដ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ — លោកបណ្ឌិត គីម ហ៊ាង ស្ថាបនិក Khmer Real Estate League និងជាអគ្គនាយកក្រុមហ៊ុន Khmer Real Estate បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅការិយាល័យ TK Royal One ឱ្យដឹងថា លោកចង់ឃើញការឈ្នះ និង ចាញ់នៃការ ប្រកួតនីមួយៗនៃការប្រកួតនេះ គឺអាស្រ័យទៅលើកម្រិតសមត្ថភាពពិតប្រាកដ របស់កីឡាករ ដោយ លោកមិនចង់ឃើញ ឈ្នះ ឬ ចាញ់ ដោយសារការកាត់សេចក្តី របស់អាជ្ញាកណ្តាលឡើយ។

លោកចង់សម្តៅលើការកាត់សេចក្តីរបស់អាជ្ញាកណ្តាលឱ្យមានភាពយុត្តិធម៌ ដើម្បីជួយជំរុញឱ្យព្រឹត្តិ ការណ៍បាល់ទាត់ពាក់កណ្តាលអាជីពមួយនេះទទួលបាន នូវភាពពេញ លេញប្រកបដោយយុត្តិធម៌ពិតប្រាកដ។

ស្ថាបនិករូបនេះបញ្ជាក់ថា កាលពីដំបូងឡើយ កាលរៀបចំពាននេះ គឺត្រឹមតែលេង ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពប៉ុណ្ណោះ ប៉ុន្តែប៉ុន្មានរដូវកាលចុងក្រោយនេះលោក បានខិតខំអភិវឌ្ឍន៍ឱ្យទៅជាការ ប្រកួតពាក់កណ្តាលអាជីព ដោយលោកបណ្ឌិតចង់ឃើញ ក្រុមដែលខ្លាំង គឺឈ្នះ ហើយអ្វីដែលធានាដល់ការប្រកួតទាំងនេះឱ្យមានល្អប្រសើរនោះ គឺអាស្រ័យទៅលើការកាត់សេចក្តីរបស់អាជ្ញាកណ្តាលប្រកបដោយភាពយុត្តិធម៌ផងដែរ។ លោកលើកឡើងបែបនេះ គឺសម្តៅទៅលើក្រុមរបស់លោក គឺ Khmer United ក៏បាន ចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ដោយការចូលរួមនេះមិនមានការដាក់ សម្ពាធដល់ក្រុមផ្សេងៗទៀត ឬអាជ្ញាកណ្តាល ថាជាក្រុមម្ចាស់ពាននោះឡើយ។

អគ្គនាយក្រុមហ៊ុន Khmer Real Estate បន្ថែមថា តាមគម្រោងព្រឹត្តិការណ៍ នេះនឹងត្រូវបន្ត ក្នុងជំហាន ទី១រយៈពេល១០ឆ្នាំ ដោយនឹងត្រូវបញ្ចប់នៅឆ្នាំ២០២១ ហើយនៅឆ្នាំ២០២២ ក្រុម Khmer United នឹងត្រូវដាក់ ចូលលេងនៅក្នុងក្របខ័ណ្ឌលីគថ្នាក់ជាតិលំដាប់ទី២ នាឆ្នាំ២០២២ ខាងមុខ ហើយជាគោលដៅ Khmer United ត្រូវលេងនៅលីគទី២រយៈពេល៣ឆ្នាំសិន មុនពេលដែលឈានជើងទៅកាន់លីគកំពូលកម្ពុជា នារដូវកាល ឆ្នាំ២០២៥ ដែលក្លឹបមួយនេះនឹងប្រែក្លាយទៅក្លឹបលក្ខណៈក្រុមហ៊ុនស្វែងរកប្រាក់ចំណូល ក្នុងការទ្រទ្រង់ក្លឹប ឈរជើងនៅលីគកំពូល។ សព្វថ្ងៃនេះ ក្លឹបKhmer United នៃក្រុមហ៊ុន Khmer Real Estate ចាយលុយផ្ទាល់ ខ្លួនសុទ្ធមិនមានប្រាក់ចំណូលអ្វីឡើយ ដោយសារតែគោដៅរួមចំណែកអភិវឌ្ឍន៍ វិស័យកីឡាបាល់ទាត់នៅកម្ពុជា កាន់តែរីកចម្រើន និងស្វែងរកមូលនិធីជូនមន្ទីរពេទ្យគន្ធបុប្ជាជាដើម។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Khmer Real Estate League រដូវកាល ២០១៨នេះទទួលបានក្រុមចូល រួមមានចំនួន២០ក្រុម និងបានរកឃើញក្រុមជ័យលាភីរួចរាល់ ហើយ ប៉ុន្តែការប្រកួត Khmer Real Estate Cup នៃព្រឹត្តិការណ៍ដដែលនេះនៅសល់២ ប្រកួតចុងក្រោយ សម្រាប់ការប្រជែងតំណែងជើងឯក និងចំណាត់ថ្នាក់ លេខ៣ ដែលគ្រោងនឹង ធ្វើឡើង នាល្ងាចថ្ងៃទី១៦ ខែកញ្ញា៕

ដោយ ហេង ណាលីន