ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញនិវត្តន៍មកដល់មាតុភូមិវិញ ប្រកបដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ — បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមពិព័រណ៍​ចិ​ន​-អាស៊ានលើកទី១៥ នៅ​ទីក្រុងណានីន ខេត្តក្វាងស៊ី សាធារ​ណ​​រដ្ឋ​ប្រជាមានិតចិន និងចូល​រួម​​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ានលើកទី២៧ នៅទីក្រុងហាណូយ សាធារណរដ្ឋ​សង្គមនិយម វៀតណាមនោះ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចអគ្គ​មហាសេ​នា​​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់​កម្ពុជា​​វិញប្រកបដោយសុវត្ថិភាព តាមជើងយន្តហោះពិសេស។

អញ្ជើញទទួលដំណើរនិវត្តន៍របស់គណៈប្រតិភូជាន់ខ្ពស់ នៅព្រលានយន្តហោះ​អន្តរជា​តិ​​ភ្នំពេញ មានវត្តមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស​ម្ដេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំង​ឥស្សរ​ជនជាន់ខ្ពស់ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

គួរបញ្ជាក់ដែរថា គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច​អ​គ្គ​​​​មហាសេ​នា​​បតីតេជោ ហ៊ុន សែន បានចាកចេញពីកម្ពុជាកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ​២០​១​៨​ ដែលនេះគឺជាដំណើរចេញទៅក្រៅប្រទេសជាលើកដំបូងបង្អស់ បន្ទាប់ពីរាជរដ្ឋាភិបាល​ថ្មី​អា​ណ​ត្តិទី៦ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨៕

ដោយ ជឹម ណារី