ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីវៀតណាម

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨​ — ក្នុងខណៈដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ទៅ​ចូ​​លរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអា​ស៊ា​ន លើកទី២៧ នៅទីក្រុងហាណូយ សាធារ​ណ​រដ្ឋ​សង្គមនិយមវៀតណាមនោះ នាព្រឹក​ថ្ងៃ​ទី​១​៣​ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចអគ្គ​មហាសេ​នា​​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះ​រា​ជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គម និយមវៀតណាម។

ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ក្នុងជំនួបពិភាក្សាទ្វេភាគីនោះ ឯកឧត្តម​នា​​យករដ្ឋមន្រ្តីវៀតណាម ង្វៀន សួន​ហ្វុក មានប្រសាសន៍ថ្លែង​នូវអំណរគុណយ៉ាង​ជ្រា​ល​ជ្រៅ​បំ​ផុ​ត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានលើកទី២៧ នៅទីក្រុងហាណូយ ប្រទេ​ស​វៀតណាម។

ឯកឧត្តមនាយក​រដ្ឋ​មន្រ្តីមានប្រសាសន៍បន្តថា វត្តមានរបស់សម្តេច​តេ​ជោ​​បានផ្តល់នូវសារៈសំខាន់ខ្លាំងណាស់ ក្នុង​វេទិកាសេដ្ឋកិច្ចពិភពលោក ពិសេសសុន្ទរកថា​រប​ស់​សម្តេច ក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភព​លោក និងបទអន្តរាគមន៍ក្នុងកិច្ច​ប្រជុំកំពូល​ពេ​ញ​អង្គ ស្តីពីចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ គឺ ពិតជាមានអត្ថន័យនិងខ្លឹមសារ​យ៉ាងជ្រាល​ជ្រៅ​បំ​ផុ​ត ពិសេសផ្តល់នូវសារៈសំខាន់ខ្លាំងណាស់​សម្រាប់តំបន់អាស៊ាន និងប្រទេសក្នុង​តំបន់​មេ​គង្គ​។

ជាមួយគ្នានេះឯកឧត្តមនាយករដ្ឋមន្រ្តី​វៀត​ណាម ក៏បានថ្លែងនូវការអបអរសាទរយ៉ាង​ជ្រា​ល​​ជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋ​មន្រ្តី ដែលបានទទួលនូវការតែងតាំងសា​ជា​ថ្មី​ម្ត​ង​ទៀត ក្នុងការបន្តដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី​៦ នៃរដ្ឋសភា បន្ទាប់ពីលទ្ធផលនៃការ​បោះ​ឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ប្រព្រឹត្តិទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​កន្ល​​​​ង​មក ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះភ្លូកទឹក ភ្លូកដី ពីការបោះឆ្នោត​ដ៏​មាន​​សារៈសំខាន់បំផុតនោះ។

សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូន ចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម ដែលបានផ្ញើនូវសារលិខិត​អបអរសាទរ​ជូន​ចំ​ពោះ​ សម្តេចដែលទើបត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តី នីតិកាលទី៦ នៃរដ្ឋសភា។ សម្តេច​តេ​ជោ​នាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា សម្តេចពិតជាមានការសប្បាយរីករាយ ក្នុង​ការបន្ត​ធ្វើ​ការជា មួយបណ្តាមេដឹកនាំទាំងអស់របស់អាស៊ាន ដើម្បីបន្តបេសកកម្មរបស់យើង​ក្នុង​ការ​ក​សាង​សហគមន៍អាស៊ានកាន់តែរឹងមាំ និងរីកចម្រើនទៅមុខ។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ ប្រ​មុខ​​ដឹកនាំ នៃប្រទេសទាំងពីរកម្ពុជា វៀតណាម បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ លើការខិតខំបន្តថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ​សម្រា​ប់​ប្រ​ទេ​ស​ទាំងពីរ ពិសេសការការពារសន្តិភាព ស្ថេរភាព សន្តិសុខ នៅតាមតំបន់ព្រំដែន នៃប្រទេស​ទាំង​ពីរ សំដៅ​ប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍ ការសម្រួលពាណិជ្ជកម្មឆ្លងដែន ទេស​ចរ​ណ៍ អប់រំ កីឡា សុខាភិបាល និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន នៃប្រទេស​ទាំង​ពីរ​កម្ពុ​ជា​ វៀតណាម។

ក្នុងជំនួបពិភាក្សាគ្នានោះ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានរិះរកគ្រប់​មធ្យោ​បា​យក្នុងការជំរុញកំណើន ពាណិជ្ជកម្ម នៃប្រទេសទាំងពីរឱ្យបានសម្រេចតាមគោលដៅ ដែល​មេដឹ​ក​នាំទាំងពីរចង់បាន។ ទន្ទឹមនឹងនេះមេដឹកនាំនៃប្រទេសទាំងពីរក៏បានពិភាក្សា​គ្នាយ៉ាង​យក​ចិត្ត​​ទុកដាក់ ទៅលើទំនាក់ទំនងទ្វេ​ភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការ​យកចិត្តទុក​ដា​ក់​​ដូចគ្នា។ សម្តេចតេជោក៏បានអបអរសាទរ ចំពោះទិវាជ័យជម្នះ ២កញ្ញា របស់ប្រទេស​វៀត​ណា​​ម។ ក្នុងជំនួបពិភាក្សាគ្នានោះ ភាគី ទាំងពីរក៏បានធ្វើការពិភាក្សា យ៉ាងយកចិត្តទុកដាក់ ទៅ​លើ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ដែលនឹងត្រូវ ចុះហត្ថលេខា​នា​ពេល​ខា​ង​មុខ និងបានឯកភាពគ្នា ក្នុងការឈានទៅបោះបង្គោលព្រំដែនឱ្យបានសម្រេច​ទៅតាមការ​គ្រោ​ង​ទុក។

ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម ក៏បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការ​យា​ងព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ដើម្បីយាងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេស​វៀ​ត​ណាម ក្នុងឆ្នាំ២០១៩ខាងមុខ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានទទួលយកនូវការ​អ​ញ្ជើញ​បំពេ​ញ​ទស្ស​នកិច្ចទៅកាន់ប្រទេសវៀតណាម ក្នុងពេលខាងមុខ ដើម្បីចុះហត្ថលេខា​លើ​កិច្ច​​ព្រមព្រៀងពាណិជ្ជកម្ម នៃប្រទេសទាំងពីរកម្ពុជា វៀតណាមផងដែរ៕

ដោយ ជឹម ណារី