ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មេដឹកនាំកម្ពុជា វៀតណាម ឡាវ អះអាងពីការជំរុញការអភិវឌ្ឍ តំបន់ត្រីកោណឱ្យកាន់តែប្រសើរ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ — ប្រមុខរដ្ឋាភិបាលកម្ពុជា វៀតណាម និងឡាវ បានធ្វើការអះអាងរួមគ្នា​ក្នុងការជំរុញការ​អ​ភិ​វឌ្ឍតំបន់ត្រីកោណរវាងប្រទេសទាំងបីឱ្យកាន់តែមានភាពរីកចម្រើនប្រសើរឡើង ថែមទៀត។ នេះបើតាមប្រភពពីទូរទស្សន៍ជាតិកម្ពុជា។


ការអះអាងបែបនេះត្រូវបានធ្វើឡើង ក្នុងខណៈដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសាអាហារពេលព្រឹក ជា​មួ​យនាយករដ្ឋមន្រ្តីឡាវ ឯកឧត្ដម ថងលួន ស៊ីសូលីត និងនាយករដ្ឋមន្ត្រីវៀតណាម ឯក​ឧ​ត្ដ​ម​ ង្វៀន សួនហ្វុក ដែលពិធីនេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ទីក្រុ​ងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការអញ្ជើញចូលរួម​ក្នុង​វេទិ​កាសេដ្ឋពិភពលោកលើកទី២៧។

ក្នុងពិធី​ទទួល​​ទានអាហារពេលព្រឹកការងារនេះ​ ប្រមុខ​រដ្ឋា​ភិបាលនៃប្រទេសទាំងបី កម្ពុជា ឡាវ វៀត​ណាម បានធ្វើការពិភាក្សាគ្នា​យ៉ាងយក​ចិត្ត​ទុក​ដា​ក់ ទៅលើការរឹតចំណង សាមគ្គីភាព និងកិច្ចសហ​ប្រតិបត្តិការ នៃប្រទេសទាំងបី ពិសេស​ការ​រិះរកគ្រប់មធ្យោបាយ ក្នុងការជំរុញកិច្ចអភិវឌ្ឍន៍ សម្រាប់ប្រទេសទាំងបី ដែលក្នុងនោះ​ភា​គី​ទាំង​បី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់​លើ​ការ​បន្តរួមគ្នាដោះស្រាយបញ្ហា​ប្រ​ឈ​ម​នា​នា ដើម្បីធានាសន្តិភាព ស្ថិរភាព ក្នុងការជំរុញកំណើន នៃការអភិវឌ្ឍប្រទេសទាំងបី កម្ពុជា ឡាវ​ និងវៀតណាម។

នៅក្នុងជំនួបពិភាក្សាការងារនេះដែរ មេដឹកនាំនៃប្រទេសទាំងបី​ក៏បាន​ធ្វើ​ការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើគម្រោងនៃការតភ្ជាប់នៃ ប្រទេសទាំងបី ពិ​សេ​ស​នៅតំបន់ត្រីកោណ ដែលជាតំបន់មួយមានការអភិវឌ្ឍទាបនៅឡើយ។ ប្រមុខរដ្ឋាភិបាល​នៃ​ប្រ​​ទេសទាំងបី ក៏បានធ្វើការពិនិត្យរួមគ្នាការងារជាអាទិភាពមួយចំនួន សម្រាប់គម្រោង​អា​ទិ​ភា​ព​នៃការអភិវឌ្ឍតំបន់ត្រីកោណ សំដៅធ្វើយ៉ាងណាកាត់បន្ថយគម្លាតនៃការអភិ​វឌ្ឍ​តំប​ន់​ទាំង​នោះ​ ឱ្យមានការតភ្ជាប់និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ខាងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ជាងនេះទៀត មេដឹកនាំនៃប្រទេសទាំងបី ក៏បានប្តេជ្ញារួមគ្នាក្នុងការជំរុញ​ល្បឿន​នៃ​ការ​អភិ​វឌ្ឍ​តំ​បន់ត្រីកោណ តាមរយៈការពិនិត្យលទ្ធភាពនិងការដាក់សំណើទៅកាន់​ដៃគូអភិវឌ្ឍន៍ ដើម្បី​រក​កញ្ចប់​ថវិកាអភិវឌ្ឍន៍តំបន់ត្រីកោណ ឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន ទ្វេឡើងថែមទៀត ពិ​សេ​ស​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ត្រីកោណកាន់តែទទួល​បាន នូវការលើ​កកម្ព​ស់​ជាលំដាប់៕

ដោយ ជឹម ណារី