ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជា-ឥណ្ឌូណេស៊ីគ្រោងនឹងរៀបចំខួបអនុស្សាវរីយលើកទី៦០ នៃទំនាក់ទំនងការទូតនៅឆ្នាំ ២០១៩

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ — កម្ពុជា-ឥណ្ឌូណេស៊ី គ្រោងនឹងរៀបចំខួបអនុស្សាវរីយលើកទី៦០ នៃទំនាក់ទំនងការ ទូតកម្ពុជា- ឥណ្ឌូណេស៊ី នៅឆ្នាំ២០១៩ ខាងមុខនេះ តាមរយ:ការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត។

គម្រោងនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី ប្រចាំនៅប្រទេសកម្ពុជាកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច។

ភាគីទាំងពីរបានព្រមព្រៀងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមផ្នែក សិក្ខាសាលា និងជំនួបទ្វេភាគី ក៏ដូចជា ការសិក្សា ពិនិត្យលទ្ធភាពរៀបចំមានជើងយន្តហោះ ទៅមកដោយផ្ទាល់ជាដើម។

ឯកឧត្តម Sudirman Haseng រួមជាមួយឯកឧត្តមអគ្គបណ្ឌិត សភាចារ្យអូន ព័ន្ធមុនីរ័ត្ន ក៏បានឯកភាពគ្នាក្នុងការខិតខំបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឥណ្ឌូណេស៊ី លើ វិស័យមួយចំនួន ដូចជា ពាណិជ្ជកម្ម វប្បធម៌ ការវិនិយោគ ទេសចរណ៍ ជាពិសេស កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន នៃប្រទេសទាំងពីរ តាមរយ:ការបង្កើតយន្តការរួមក្នុងការពង្រឹង ភាពជាដៃគូតាមវិស័យពាក់ព័ន្ធ។

សូមរម្លឹកថា កំណើនពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌូណេស៊ី ដោយទំហំពាណិជ្ជ កម្មក្នុងឆ្នាំ ២០១៧ មានចំនួន ៥៤២ លានដុល្លារអាម៉េរិក គឺកើនឡើងចំនួនប្រមាណ ២០ភាគរយ ធៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ ២០១៦ ដែលមានចំនួន ៤៥២ លានដុល្លារអាម៉េរិក។

ជាមួយគ្នា នេះ ភាគីទាំងពីរក៏ទទួលស្គាល់អំពីសក្តានុពលថែមទៀតក្នុងវិស័យវិនិយោគ និងពាណិជ្ជកម្ម ដែលប្រទេសទាំង ពីរនឹងខិតខំសហការគ្នាបន្ថែមទៀត តាមរយ:ការជំរុ ញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ៕

ដោយ គង់ សិរីរ័ត្ន