ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ត្រីជាន់ខ្ពស់កម្ពុជា និងគណៈប្រតិភូអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ បានអះអាងថា កម្ពុជាមានកំណើនសេដ្ឋកិច្ចជានិច្ចតែត្រូវការរក្សាសន្តិភាពឱ្យបាន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ — មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជានិងអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣(AMRO)អះអាងថា កម្ពុជាមានកំណើនសេដ្ឋកិច្ចជាប់ជានិច្ច ប៉ុន្តែប្រទេសនេះត្រូវការ ការរក្សា បានសុខសន្តិភាព ស្ថិរភាពនយោបាយ គោលនយោបាយអភិវឌ្ឍន៍វែងឆ្ងាយ ច្បាស់លាស់ និងប្រកបដោយសង្គតភាព និងការដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច និងស៊ីជម្រៅ ជាបុរេលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន និងត្រូវបានកំណត់ជាអាទិភាពខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រែក្លាយ កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតតខ្ពស់ និងចំណូលខ្ពស់នាពេលអនាគត ។

ក្នុងជំនួបសម្តែងការគួរសមរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយគណៈប្រតិភូ អង្គភាពស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ដឹកនាំដោយលោកស្រីបណ្ឌិត Junhong Chang ប្រធាន AMROលើ “ការវាយតម្លៃពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០១៨” កាលពីថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភាគីទាំងពីរមានការយល់ ឃើញដូចគ្នាលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជាថាក្នុងឆ្នាំ ២០១៨ នេះ កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់លើសការគ្រោងទុកក្នុងរង្វង់អត្រា ៧,២ភាគរយ ដែលធ្វើឱ្យចំណូលជាមធ្យមរបស់ប្រជាជនម្នាក់ៗកើនឡើងស្ទើរតែស្មើនឹង ១.៥០០ ដុល្លារអាម៉េរិក ជាមួយអត្រាអតិផរណាទាបប្រមាណ ៣ភាគរយ ក្នុង ១ ឆ្នាំ ស្របពេល ដែលសមតុល្យពាណិជ្ជកម្មមានភាពរឹងមាំ និងស្ថានភាពហិរញ្ញវត្ថុល្អប្រសើរ ។

វិនិយោគផ្ទាល់ពីបរទេសក៏សង្កេតឃើញបន្តកើនឡើង ស្របពេលដែលកម្ពុជា រក្សាបាននូវស្ថានភាពបំណុលល្អប្រសើរ និងស្ថានភាពហិរញ្ញវត្ថុសាធារណៈរឹងមាំ ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ ដោយផ្តោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបង្កើនចំណាយលើសេវាសង្គមសំខាន់ៗ ដូចជាសុខាភិបាល និងអប់រំ ជាដើម ។

ទោះបីយ៉ាងណាក៏ដោយ ភាគីទាំងពីរក៏បានមើលឃើញថា សេដ្ឋកិច្ចកម្ពុជាក៏នឹងប្រឈមផងដែរទៅនឹងហានិភ័យនៃកត្តាខាងក្រៅមួយចំនួន ខណៈដែលបញ្ហាប្រឈមក្នុងស្រុកកំពុងបន្តដោះស្រាយ ដើម្បីជំរុញភាព ប្រកួតប្រជែងរបស់កម្ពុជា និងជំរុញល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យកាន់តែឆាប់រហ័ស ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោកស្រី Junhong Changថា ដើម្បីអាចបន្តរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព សំដៅសម្រេចបាននូវគោលដៅក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៦ នៃរដ្ឋសភា បានរៀបចំ និងដាក់ចេញនូវឯកសារ គោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី ៤ ដែលមិនត្រឹមតែសម្រាប់ដោះ ស្រាយនូវបញ្ហាប្រឈមខាង លើនោះទេ ប៉ុន្តែថែមទាំងត្រៀមខ្លួនសម្រាប់បដិវត្តន៍ ឧស្សាហកម្មជំនាន់ទី ៤ និងសេដ្ឋកិច្ចឌីជីថល ដែលជានិន្នាការថ្មីនៃ សេដ្ឋកិច្ចសកលលោកផងដែរ ។

សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអង្គភាពស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ (ARMO)ដូចគ្នាទៅនឹងមុនៗដែរ ដោយគោលបំណងនៃដំណើរទស្សនកិច្ចការងារលើកនេះ គឺជួបពិភាក្សាជាមួយ ស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធ សំដៅប្រមូលទិន្នន័យ និងព័ត៌មានបន្ថែម ដើម្បីជាមូលដ្ឋានសម្រាប់ការវាយតម្លៃពីនិន្នាការ និងការវិវត្តថ្មីៗនៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា ដែលជាផ្នែកមួយនៃបេសកកម្មការងាររបស់ AMRO ក្នុងការអង្កេតតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសសមាជិកអាស៊ានបូក ៣ ៕

ដោយ គង់ សិរីរ័ត្ន