ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ធនាគារជាតិនៃកម្ពុជា ជួបប្រជុំជាមួយក្រុមការងារអន្ដរក្រសួងលើសេចក្តីព្រាងយុទ្ធ សាស្រ្តជាតិស្តីពីបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ — លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមការងារ រៀបចំយុទ្ធសាស្រ្តបរិយាប័ន្នហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំយុទ្ធសាស្រ្ត បរិយាប័ន្នហិរញ្ញវត្ថុ លើកទី៦ ដែលមានការចូលរួមពីសមាជិកមកពីអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាអំពីសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។ កិច្ចប្រជុំ​នេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។

ក្នុងកិច្ចប្រជុំនេះ ជាលទ្ធផល សមាជិកនៃអង្គប្រជុំបានឯកភាពលើសេចក្តីព្រាងយុទ្ធ សាស្រ្តជាតិស្តីពីបរិយាប័ន្នហិរញ្ញវត្ថុ និងបន្តដាក់ស្នើសុំសេចក្តីសម្រេចពី គណៈកម្មាធិការ ដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាចុងក្រោយដាក់ជូនគណៈរដ្ឋមន្រ្តីដើម្បីអនុម័តជាយុទ្ធសាស្រ្តជាតិ។

គួរបញ្ជាក់ថា សេចក្តីព្រាងយុទ្ធសាស្ត្រជាតិនេះ ត្រូវបានរៀបចំឡើងដោយធនាគារជាតិ នៃកម្ពុជា និងដោយមានការគាំទ្រពីអង្គការ UNCDF ក្នុងគោលបំណងបង្កើនអត្រាបរិយាប័ន្ន ហិរញ្ញវត្ថុនៅកម្ពុជា ដែលនឹងរួម​ចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន កាត់បន្ថយវិសមភាព ចំណូល និងភាពក្រីក្ររបស់ប្រជាជនកម្ពុជា៕

ដោយ គង់ សិរីរ័ត្ន