ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តមបណ្ឌិត ថោង ខុន នឹងដឹកនាំគណៈកម្មការបច្ចេកទេស ចុះទៅត្រួតពិនិត្យការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨​ — ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានឱ្យទីភ្នាក់ងារ សារព័ត៌មានកម្ពុជា(AKP) ដឹងថា ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈ កម្មាធិការជាតិអូឡាំពិក កម្ពុជា នឹងដឹកនាំគណៈកម្មការបច្ចេកទេសអន្តរក្រសួងចុះទៅត្រួតពិនិត្យមើលការសាង សង់ពហុកីឡដ្ឋានមរតតេជោ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ដែលកំពុង ដំណើរការសាងសង់ និងសម្រេច បានប្រមាណ៣០ភាគរយ។


ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា តាមការគ្រោងទុក គណៈកម្មការបច្ចេកទេស នឹងត្រូវចុះពិនិត្យមើលការសាងសង់ ដែលសម្រេចបាន៣០ភាគរយ ហើយនឹងត្រូវត្រួតពិនិត្យ ជាច្រើនលើកទៀត ពេលបាន៥០ភាគរយ និង៧០ភាគរយ ត្រូវត្រួតពិនិត្យម្តងទៀតទៅ លើពហុកីឡដ្ឋានធំ។ ក្នុងពេលនោះភាគីចិននឹងធ្វើបទបង្ហាញអំពីវឌ្ឍនភាព នៃការសាងសង់ បច្ចេកទេសក្នុងការប្រើប្រាស់ស៊ីម៉ង់ដ៏ និងប្រើប្រាស់បច្ចេកវិទ្យាទំនើបតាមរយៈប្រើឡាបូ និងអ្នក ជំនាញចន្លោះពី២០០នាក់ ដល់៣០០នាក់។

គួររម្លឹកថា ពហុកីឡដ្ឋានជាតិមរតកតេជោត្រូវបានសាងសង់ក្រោមជំនួយឥតសំណង របស់មិត្តចិន ក្នុង ទំហំទឹកប្រាក់១០០០លានយ័ន ដែលគោលដៅចម្បងនៃ ពហុកីឡដ្ឋាន ជាតិថ្មីនេះនឹងប្រើប្រាស់ទទួលធ្វើជា ម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។ ការកសាងពហុកីឡដ្ឋានជាតិមរតកតេជោកំពុងស្ថិតនៅក្នុងដំណាក់កាលទី២ ក្រោយពីដំណាក់កាលទី១បានសម្រេចជាស្ថាពរ ដូចជាអាងហែលទឹក និងអគារកីឡាក្នុងសាល ដូចជាសង្វៀន ប្រដាល់ បាល់ទះ បាល់បោះជាដើមនោះត្រូវបានកសាងរួចរាល់ កាលពីឆ្នាំ២០១៧ កន្លងទៅ៕

ដោយ ហេង ណាលីន