ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

នាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក ចូលជួបសម្ដែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨​ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន បាន​អនុ​ញ្ញា​ត​ឱ្យ ឯកឧត្តមសាស្រ្តាចារ្យ ក្លោស៍ ស្វាប់ ស្ថាបនិក និងជានាយកប្រតិបត្តិ​វេទិកាសេដ្ឋកិច្ច​ពិ​ភ​ព​លោ​ក​ ចូលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងខណៈដែលសម្ដេចអញ្ជើញទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ាន​លើកទី​២​៧ នៅ​ទី​​​​ក្រុង​ហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។


ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តមសា​ស្រ្តា​ចា​រ្យ បានមានប្រសា​សន៍​ស្វាគមន៍ជូនចំពោះ សម្តេចតេជោ​ នាយករដ្ឋមន្រ្តី ដែលបាន​អ​ញ្ជើ​ញ​ចូល​រួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ សម្តេចតេជោ​ នា​យករដ្ឋមន្រ្តី​ បានមានប្រសាសន៍ សម្ដែងនូវការរីករាយដែលបានអញ្ជើញចូល​រួមវេទិកា​សេ​ដ្ឋ​កិ​ច្ច ​ជាថ្មីនៅប្រទេសវៀតណាម ព្រមទាំងបានធ្វើការផ្លាស់ប្តូរទស្សនៈប្រកបដោយផ្លែផ្កា។ ជា​មួយគ្នានេះសម្តេចតេជោ​ បានស្នើសុំឱ្យឯកឧត្តម​នាយកធ្វើការចែកចាយនូវឯកសារ ដ៏មាន​សារៈសំខាន់នេះលើប្រធានបទសម្រាប់ពិភពលោកទាំងមូល។

ឯកឧត្តមសាស្រ្តាចារ្យ​ សង្ឃឹម​ថា​ នឹងអញ្ជើញសម្តេចតេជោ​ ចូលរួមក្នុង វេទិកាសេដ្ឋកិច្ចពិភព​លោក នៅទីក្រុងដាវ៉ូស ប្រទេ​សស្វ៊ីសដែលទាក់ទិនទៅនឹងវិស័យ កសិកម្ម ដែលកម្ពុជាកំពុងមានសក្តានុពល។​ នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ សម្តេចតេជោ​ នាយករដ្ឋមន្រ្តីក៏បានលើក​ឡើងពីបរិបទ​នៃ​​បដិវត្តន៍ឧស្សាហកម្មទី៤ ដែលកម្ពុជាក៏ដូចជាប្រទេសនានា ក្នុងតំបន់កំពុងមានការចាប់​អា​រ​ម្ម​ណ៍ និងមានការយកចិត្តទុកដាក់ដូចគ្នា៕

ដោយ ជឹម ណារី