ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១២ ពិនិត្យមើលសំណង់ខុសច្បាប់ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ — អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១២ ចាត់មន្ត្រីចុះត្រួតពិនិត្យជាប្រចាំនូវរាល់សំណង់ផ្សេងៗដែលកំពុងសាងសង់ ពិសេស សំណង់ខុសច្បាប់ ឬសំណង់ដែលសង់ខុសកិច្ចសន្យា និងគ្មានគុណភាព ព្រមទាំងរោងបុណ្យ រោងការ ដែលធ្វើបិទផ្លូវ ណែនាំឱ្យពួកគាត់គោរពច្បាប់ទាំងអស់គ្នា។


ការជំរុញបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងកាលពីរសៀល ថ្ងៃពុធ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅ សាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១២ និងកងកម្លាំងប្រដាប់អាវុធចំណុះ ឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។

ឯកឧត្ដមអភិបាលក៏បានរម្លឹកផងដែរ ទៅលើការណែនាំចំពោះរថយន្តបាញ់ បេតុងដែលចត ឬឈប់ធ្វើឱ្យប៉ះពាល់ដល់ចរាចរតាមដងផ្លូវដូចដែលរដ្ឋបាល រាជធានី ភ្នំពេញធ្លាប់បានជូនដំណឹងរួចមកហើយ។ ជាមួយគ្នានេះក៏ត្រូវពិនិត្យផងដែរ ចំពោះការធ្វើ រោងបុណ្យ រោងការដោយមិនត្រូវឱ្យបិទផ្លូវទាំងស្រុងធ្វើឱ្យ ប៉ះពាល់ដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងស្ទះចរាចរដែលប្រជាពលរដ្ឋតែង បង្ហាញការថ្នាំងថ្នាក់នាពេលកន្លងមក។

ឯកឧត្ដម ឃួង ស្រេង បានបន្តក្រើនរម្លឹកដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធឱ្យបង្កើន ប្រសិទ្ធភាពការងារទ្វេដងថែមទៀតលើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យស័ក្តិសមទៅនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតឱ្យយើង។ ការងារជាច្រើនកំពុង រងចាំយើងទៅធ្វើ ជាពិសេសការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ សាធារណៈក្នុងទីក្រុង ​ដោយផ្តោតទៅលើការអនុវត្តច្បាប់ចរាចរណ៍ បន្តឆែកឆេរអាវុធជាតិផ្ទុះ ត្រួតពិនិត្យ កន្លែងសប្បាយ ក្លឹបកម្សាន្ត ក្លឹបរាត្រីផ្សេងៗដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន បើទោះបីយើងមិនអាចលុបបំបាត់បានទាំងស្រុង តែក៏អាចឈានទៅកាត់បន្ថយបទ ល្មើសគ្រឿងញៀនបានមួយកម្រិតដែរ។

ចំពោះការរៀបចំសណ្តាប់ធ្នាប់តាមដងវិថីសំខាន់ៗជាអាទិភាពទាំង១១ខ្សែដែលបានអនុវត្តន៍រយៈពេល១ឆ្នាំកន្លងទៅនេះ យើងអាចវាយតម្លៃបានថា យើងធ្វើបានល្អ និងកំពុងដើរលើផ្លូវ ត្រូវតាមសំណូមពររបស់ប្រជាពលរដ្ឋ។ ដូច្នេះការងារនេះយើង ត្រូវបន្តទៅមុខទៀតឱ្យបានគ្រប់ផ្លូវ។ នៅប៉ុន្មានថ្ងៃមកនេះ រដ្ឋបាលរាជធានីភ្នំពេញកំពុងរៀប ចំសណ្តាប់ធ្នាប់នៅចំណុចផ្លូវព្រះមុនីរ៉េត ជុំវិញផ្សារដើមគរ និងផ្សារនាគមាស ដែលបាត់សណ្តាប់ធ្នាប់ និងធ្វើឱ្យប៉ះពាល់បរិស្ថាន និងស្ទះចរាចរជារៀងរាល់ថ្ងៃនោះ ដោយកំណត់រយៈពេល១០ថ្ងៃត្រូវតែឱ្យស្អាត ហើយបន្ទាប់ទៅត្រូវ ប្រគល់ទីតាំងខាង លើនេះឱ្យទៅអាជ្ញាធរខណ្ឌទួលគោក និងខណ្ឌចំការមនជាអ្នកគ្រប់គ្រង និងធានាថាមិនមាន ការដាក់លក់ទំនិញលើទ្រូងផ្លូវ ឬចតយានយន្តបែបអនាធិបតេយ្យបង្កការកកស្ទះចរាចរ ប៉ះពាល់អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈនោះបន្តទៀតឡើយ៕

ដោយ សួស សំរិត