ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផ្តល់អាហារូបករណ៍៥កន្លែងដល់សិស្សទើបប្រឡងជាប់បាក់ឌុប សម្រាប់សិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់អាហារូបករណ៍ចំនួន៥កន្លែងដល់សិស្សឆ្នើមដែលប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ប៉ុន្តែខ្វះលទ្ធភាពបង់ថ្លៃសិក្សា សម្រាប់ការសិក្សាថ្នាក់បរិញ្ញា បត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ កាលពីថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨។


ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា អាហារូបករណ៍ចំនួន៥កន្លែងនេះ គឺសម្រាប់រយៈ ពេល៤ឆ្នាំពេញ ដែលនឹងផ្តល់ជូនលើជំនាញទំនាក់ទំនងអន្តរជាតិសម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០១៩។ ជាមួយគ្នានេះដែរ AUPP ជាគ្រឹះស្ថានឧត្តមសិក្សាលំដាប់កំពូលមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់បំផុត។ AUPP មានកម្មវិធីសិក្សាយកសញ្ញា បត្រពីរ សញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញ ដោយសាកលវិទ្យាល័យ អារីហ្សូណា (University of Arizona) ដែលមានការទទួលស្គាល់ជាសាកល។

ក្នុងសេចក្ដីប្រកាសបានបន្ថែមថា ដើម្បីសម្រួលដល់ការទទួលព័ត៌មានជាក់លាក់ស្តីពី ការផ្តល់អាហារូបករណ៍ខាងលើ សូមសិស្សដែលប្រឡងជាប់បាក់ឌុបទាំងអស់ មកទទួល ព័ត៌មាននៅ AUPP ឬនៅការិយាល័យអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ។


សូមបញ្ជាក់ថា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) មានអាសយដ្ឋាន ផ្ទះលេខ០៤ ផ្លូវលេខ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទូរសព្ទលេខ៖ ០១៦ ៨២២ ៣២៣ / ០១២ ៧៦៥ ៦៨៦៕

ដោយ ហេង ណាលីន