ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ស្នង​ការ​នគរ​បាល​ខេត្តសៀមរាប​ ជំរុញឱ្យសន្តិសុខឯកជនបន្តចូលរួមជាមួយនគរបាលជាតិ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋឱ្យកាន់តែមាន​ប្រសិទ្ធភាព​ថែម​ទៀត

AKP សៀមរាប ថ្ងៃទី១៣ ខែកញ្ញា ឆ្នំា២០១៨​​ — ស្នង​ការ​នគរ​បាល​ខេត្តសៀមរាប​ ជំរុញឱ្យសន្តិសុខឯកជន បន្តការចូលរួមជាមួយនគរ បាលជាតិ ដើម្បីការពារសន្តិសុខសង្គមសាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមក កម្សាន្តនៅខេត្តសៀមរាប​ឱ្យកាន់តែមាន​ប្រសិទ្ធភាព​បន្ថែម​ទៀត។


នៅ​ក្នុង​ពិធី​ប្រគល់លិខិតអនុញ្ញាតសហគ្រាសគ្រឹះស្ថានចំនួន១០ និងផ្តល់លិខិត សរសើរចំនួន២ដល់ក្រុមហ៊ុនសេវាកម្មសន្តិសុខឯកជន ដែលបានសហការល្អជាមួយ កម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នំា២០១៨នេះ លោកឧត្តមសេ នីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បាន​មាន​ប្រសាសន៍ថា ការចូលរួមសហការបានល្អរបស់ក្រុមហ៊ុនផ្តល់សេវាកម្មសន្តិសុខ និងសហ គ្រាស គ្រឹះស្ថាន ជាមួយកម្លាំង នគរបាលខេត្តសៀមរាបបានធ្វើឱ្យ ខេត្តទេសចរណ៍មួយនេះ ធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្ត និងបង្កឱ្យមានភាពសុខសាន្តដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ ជាន់ខ្ពស់ជាតិ អន្តរជាតិទៀតផង។

លោកបានបន្តថា កត្តាសន្តិសុខ និងសន្តិភាពនេះហើយ ដែលបានធ្វើឱ្យប្រទេសជាតិ យើងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតដល់សព្វថ្ងៃនេះ។ ការធានាបាននូវ សន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុង​ខេត្តសៀមរាប​នេះ ក៏ដោយសារមាន ចូលរួមពីភ្នាក់ងារ សន្តិសុខឯកជនផងដែរ ព្រោះថា សន្តិសុខឯកជនមិនមែនមាន តួនាទីត្រឹមតែការពារទ្រព្យសម្បត្តិឯកជន សហគ្រាស គ្រឹះស្ថាន តែប៉ុណ្ណោះទេ គឺមានកាតព្វកិច្ចចូលរួមការពារសន្តិសុខសង្គមសាធារណៈជូនប្រជាជន ហើយក៏ជាកម្លាំងជំនួយដ៏សំខាន់របស់អាជ្ញាធរមាន សមត្ថកិច្ចទៀតផង។

បើតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក តាន់ សំបូរ នាយការិយាល័យគ្រប់គ្រងសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា ក្រុមហ៊ុនផ្តល់សេវាកម្មសន្តិសុខឯកជនក្នុងខេត្ត មានចំនួន ៣៨ក្រុមហ៊ុន មានកម្លាំងសរុប ១ពាន់៦៩៣នាក់ ស្រី២៣៦នាក់ ដោយឈរនៅគោលដៅចំនួន ៥១៩គោលដៅ។ ក្នុងនោះក្រុមហ៊ុនផ្តល់សេវាកម្មសន្តិសុខ ដែលមានច្បាប់អនុញ្ញាតពីក្រសួងមហាផ្ទៃចំនួន៣៧ និងគ្មានច្បាប់១ក្រុមហ៊ុន។

ចំពោះសហគ្រាសគ្រឹះស្ថាន ដែលប្រើប្រាស់ភ្នាក់ងារ សន្តិសុខផ្ទាល់ខ្លួន មានចំនួន ២៩គ្រឹះស្ថាន មានកម្លាំងសរុប ៣៦៩នាក់ ស្រី១៩នាក់ ដោយឈរនៅគោលដៅចំនួន ៤៥គោលដៅ។ ក្នុងនោះដែរសហគ្រាសគ្រឹះស្ថានទាំងនេះ មានច្បាប់អនុញ្ញាត ១០សហគ្រាសគ្រឹះស្ថាន និងមួយចំនួនទៀតបានកំពុងស្នើសុំច្បាប់៕

ដោយ ឃុត សៅ