ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងបរិស្ថាន ព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នក កាប់ឆ្ការនិងដុតបំផ្លាញព្រៃ ក្នុងតំបន់ការពារធម្មជាតិរបស់រដ្ឋ

វិទ្យុជាតិកម្ពុជា៖ ដោយលោក ហោ សេង គ្រី
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបានព្រមានធ្ងន់ៗថា នឹងចាត់វិធានការផ្លូវច្បាប់ យ៉ាងតឹងរ៉ឹងចំពោះជនណា ដែលឈូសឆាយ កាប់ឆ្ការ ដុតបំផ្លាញព្រៃ រុករាន ទន្ទ្រាន ដីនៅតំបន់ការពារធម្មជាតិ យកធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួន។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ប្រាប់វិទ្យុជាតិនៅរសៀលថ្ងៃទី១៣ខែកញ្ញានេះថា៖ ក្រសួងបរិស្ថាននឹងអនុវត្តន៍វិធានការច្បាប់ ទៅលើជនណាកាប់ឆ្ការ ដុតបំផ្លាញព្រៃឈើ ដើម្បីបំពានយកដី តំបន់ការពារធម្មជាតិ ឬក៏ដីឧទ្យានជាតិនោះ។
ឯកឧត្តមបញ្ជាក់ថា៖ក្រសួងបរិស្ថានត្រូវតែចេញវិធានការ ដើម្បីទប់ស្កាត់ការកាប់ឆ្ការ ការដុតបំផ្លាញព្រៃឈើនេះ ក្នុងបំណងលុបបំបាត់ទាំងស្រុង នូវការរំលោភយកដីព្រៃតំបន់ការពារធម្មជាតិនិងដីឧទ្យានជាតិ នៅទូទាំងប្រទេស។

ការព្រមានរបស់ក្រសួងបរិស្ថាន ធ្វើឡើង បន្ទាប់ពីក្រសួងនេះ រកឃើញថាបច្ចុប្បន្នតំបន់ការពារធម្មជាតិ ដីព្រៃឧទ្យានជាតិ ជាច្រើនកន្លែង នៅទូទាំងប្រទេស ត្រូវជនខិលខូចខ្លះ កាប់ឆ្ការ ដុតបំផ្លាញព្រៃ ហើយរំលោភយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់។

សេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី១២ខែកញ្ញា ឱ្យដឹងថាបច្ចុប្បន្ន បទល្មើសនៃការឈូសឆាយ កាប់ឆ្ការ និងដុតបំផ្លាញព្រៃ ដើម្បីរុករានយកដីជាកម្មសិទ្ធិ ការទិញ-លក់ដីរដ្ឋខុសច្បាប់នៅតែបន្តកើតមាន នៅក្នុងតំបន់ការពារធម្មជាតិ ពិសេសក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ(រាម) ឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ(គីរីរម្យ) តំបន់ទឹកសាបក្បាលឆាយ ដែនជម្រកសត្វព្រៃលំផាត់ និងដែនជម្រកសត្វព្រៃស្រែពកជាដើម។

ក្រសួងបរិស្ថាន បាន ឱ្យអ្នកពាក់ពាក់ព័ន្ធ និងការឈូសឆាយ កាប់ឆ្ការ ដើម្បីទន្ទ្រានយកដី និងអ្នកទិញ-លក់ដីរដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិ និងឧទ្យានជាតិទាំងនេះ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូច្នេះទេ ក្រសួងបរិស្ថាននឹងចាត់វិធានការតាមផ្លូវច្បាប់៕