ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

នាយកប្រតិបត្តិក្រុមហ៊ុនរបស់ប្រទេសចិន ចាត់ទុកកម្ពុជាជាគោលដៅអទិភាព ក្នុងការបន្តវិនិយោគ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ — នាយកប្រតិបត្តិក្រុមហ៊ុនស៊ាងហៃគួស៊ីគ្រុប (Sang Hai Guo Zhou Group) ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសចិន បានចាត់ទុកកម្ពុជាជាគោលដៅអទិភាព មួយក្នុងបណ្តាគោលដៅអទិភាពផ្សេងៗទៀតរបស់ក្រុមហ៊ុនលោក ក្នុងការបន្តវិនិយោគនៅកម្ពុជា។

លោក កឺ ឈួនបាវ (Ge Chuanbao) នាយកប្រតិបត្តិក្រុមហ៊ុនស៊ាងហៃគួស៊ីគ្រុប (Sang Hai Guo Zhou Group) បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកចូលជួបសម្តែងការ គួរសម និងសវនាការ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា ខណៈដែលលោកដឹកនាំគណៈប្រតិភូក្រុមហ៊ុនមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ក្នុងជំនួបនោះលោក កឺ ឈួនបាវ បានជម្រាបជូនថា គោលបំណងដែលលោកមក បំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងនូវទំនាក់ទំនងមិត្តភាពកម្ពុជាចិន ក៏ដូចជាចូលរួមពិនិត្យនូវឱកាសវិនិយោគផ្សេងៗនៅកម្ពុជា។ គោលបំណងមួយទៀតដែលលោកមកបំពេញទស្ស​នកិច្ចនេះ ដើម្បីលើកកម្ពស់យុទ្ធសាស្ត្រ ផ្លូវមួយ ខ្សែក្រវាត់មួយ របស់ប្រទេសចិន ដើម្បីរៀបចំគម្រោងផែនការផ្សេងៗមក ធ្វើការវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះក្រោយពីលោកត្រឡប់ទៅប្រទេសចិនវិញ លោកនឹងរៀបចំបញ្ចូលក្រុមហ៊ុនទាំងក្រុមហ៊ុនតូច និងក្រុមហ៊ុនធំៗជាច្រើននៅប្រទេសចិន ដើម្បីធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

លោកបន្តថា ក្រុមហ៊ុនស៊ាងហៃគ្រុបរបស់លោក ជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសចិន ដែលបានបណ្តាក់ទុនវិនិយោគនៅបណ្តាប្រទេសផ្សេងៗជាច្រើន ដូចជានៅប្រទេសសិង្ហបុរី ថៃ និងប្រទេសផ្សេងៗទៀតក្នុងអាស៊ាន ដែលមានទំហំទឹកប្រាក់ ១.៦ពាន់លានដុល្លារ ក្នុងនោះភាគច្រើនផ្តោតលើហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ អចលនទ្រព្យ និងអាគារពាណិជ្ជកម្ម។
លោកសង្ឃឹមថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនលោកនៅកម្ពុជា គឺបានផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់កម្ពុជា ដូចជាបង្កើតការងារធ្វើដល់ប្រជាជនកម្ពុជា បង្កើននូវប្រាក់ចំណូល ដែលបានមកពីពន្ធដារសម្រាប់រដ្ឋាភិបាលកម្ពុជា ដែលទាំងនេះបានរួមចំណែកដ៏សំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ លោកក៏បានសុំ ការគាំទ្រពីសម្តេចប្រធាន ចំពោះគម្រោងវិនិយោគរបស់លោកនៅកម្ពុជា។ លោកបានលើកឡើងតាមរបាយការណ៍បឋមពាក់ព័ន្ធគម្រោងវិនិយោគ របស់ក្រុមហ៊ុនស៊ាង ហៃលោក​ គ្រោ​ង​នឹងចុះ MOU ជាមួយក្រុមហ៊ុនឆាយឆាយវេសមែន ដែលជាក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត អូនៀវនាពេលខាងមុខនេះផងដែរ។

សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា កម្ពុជា-ចិន គឺជាប្រទេសមិត្តភក្តិជិតស្និទ្ធ ហើយមានទំនាក់ទំនងជាមួយគ្នាជាយូរលង់មកហើយ។ បច្ចុប្បន្នប្រទេសទាំងពីរបាន កសាងទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយមានការជឿជាក់គ្នាទៅវិញទៅមក និងមានការគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ។ សម្តេចក៏បានជម្រាបជូនផងដែរថា កម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព មានស្ថិរភាពនយោបាយល្អប្រសើរ ហើយនឹងមានកំណើនម៉ាក្រូសេដ្ឋកិច្ចល្អ។ ទិសដៅតែមួយគត់របស់កម្ពុជា គឺធ្វើយ៉ាងណាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ហើយរាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ជំរុញការវិនិយោគផ្ទាល់ពីបរទេសលើគ្រប់វិស័យ ដោយចាត់ទុកថាការវិនិយោគផ្ទាល់ពីបរទេស គឺជាដៃគូសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន។

សម្តេចប្រធានក៏បានលើកឡើងផងដែរថា កម្ពុជាបច្ចុប្បន្ននេះមានភ្ជាប់ ជើងហោះហើរផ្ទាល់ពីបណ្តាប្រទេសផ្សេងៗជាច្រើន ជាពិសេសគឺប្រទេសចិន ដែលទាំងនេះជំរុញឱ្យមានកំណើនទាំងភ្ញៀវទេសចរ ទាំងកំណើនវិនិយោគ ក៏ដូចជាកំណើនទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នានឹងគ្នា ហើយប្រទេសចិនគឺជា ដៃគូវិនិយោគដ៏មានសក្តានុពលនៅកម្ពុជា ដែលបច្ចុប្បន្នវិនិយោគចិននៅ កម្ពុជាមានប្រមាណជា ១៦ពាន់លានដុល្លារ ដែលក្រុមហ៊ុនធំៗរបស់ចិនកំពុង វិយោគនៅកម្ពុជា។ ភាគច្រើនការវិនិយោគរបស់ប្រទេសចិននៅកម្ពុជា មានវិស័យទេសចរណ៍ ហិរញ្ញវត្ថុ ធនាគារ អាគារពាណិជ្ជកម្ម ផ្នែកអចលនទ្រព្យ ដូចជានៅតំបន់ឧស្សាហកម្មផ្សេងៗជាច្រើនក្នុងប្រទេសកម្ពុជា។

សម្តេចបានលើកទឹកចិត្តក្រុមហ៊ុនស៊ាងហៃគួស៊ីគ្រុប (Sang Hai Guo Zhou Group)ឱ្យបន្តពិនិត្យវិនិយោគលើវិស័យផ្សេងៗនៅកម្ពុជា ដែលទាំងនេះនឹងបានរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជាផងដែរ។ សម្តេចបានសម្តែងនូវការគាំទ្រផងដែរចំពោះ គម្រោងវិនិយោគរបស់ក្រុមហ៊ុនស៊ាងហៃគួស៊ីគ្រុប (Sang Hai Guo Zhou Group) ដែលមានបំណងចាប់ដៃគូជាមួយក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសឆាយឆាយអូនៀវប៉ោយប៉ែត ដែលគ្រោងនឹងចុះ MOU ជាមួយគ្នានាពេលខាងមុខនេះ ក្នុងទឹកប្រាក់ប្រមាណជា ២០០លានដុល្លារនៅក្នុងគម្រោងវិនិយោគជាបឋម៕

ដោយ ប៉ាល់ សុង