ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន

វិទ្យុជាតិកម្ពុជា៖ ដោយលោក ហោ សេងគ្រី៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្ដម តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ក្នុងជំនួបកាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នេះ ឯកឧត្ដម តារ៉ូ កូណូ បានអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលបានប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ កាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលភ្លូកទឹកភ្លូកដី ហើយដែលសម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី៦កញ្ញាកន្លងទៅថ្មីៗនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពីការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី ដែលមកទល់ពេលនេះគឺស្ថានភាពក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរជាងពេលណាៗទាំងអស់ ពោលគឺកម្ពុជាមានស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។

ទន្ទឹមនឹងនេះដែរ គឺសម្តេចប្រមុខដឹកនាំបានបានបង្កើតវេទិកាពិភាក្សា ដែលមានការចូលរួមពីគណបក្សនយោបាយក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨កន្លងមក ហើយជាបន្តបន្ទាប់គឺបានឈានទៅបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លើបញ្ហាសំខាន់ៗមួយចំនួនដើម្បីជួយផ្តល់នូវមតិយោបល់ដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេសជាតិអោយកាន់តែរីកចម្រើន។

នៅក្នុងជំនួបពិភាក្សារនេះ សម្តេចតេជោ និងឯកឧត្ដម រដ្ឋមន្រ្តីការបរទេសជប៉ុន ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់អំពីរបៀបវារៈនៃកិច្ចប្រជុំកំពូលមេគង្គជប៉ុន ដែលគ្រោងធ្វើឡើងនៅខែតុលា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

តាមរយៈឯកឧត្ដម រដ្ឋមន្រ្តីការបរទេស សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ស៊ិនហ្សូ អាបេ ដែលបានគោរពអញ្ជើញសម្តេចបំពេញទស្សនៈកិច្ច និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គជប៉ុន នៅពេលខាងមុខ ពិសេសអញ្ជើញទៅបំពេញទស្សនៈកិច្ចនៅទីក្រុងយូកូហាម៉ា ដែលជាមូលដ្ឋាននៃការបោះឆ្នោតរបស់លោករដ្ឋមន្រ្តីការបរទេសជប៉ុនផ្ទាល់៕