ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រជាពលរដ្ឋចំនួន២ភូមិក្នុងស្រុកស្ទឹងត្រង់ ដែលធ្លាប់តែប្រើអាគុយនឹងមានភ្លើងអគ្គិសនីប្រើប្រាស់នៅក្នុងខែតុលានេះ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

ខេត្តកំពង់ចាម៖ មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា តាមរយៈ ក្រុមប្រឹក្សាខេត្ត និងការសំណូមពរពីប្រជាពលរដ្ឋចំនួន២ភូមិ ក្នុងឃុំសូភាស ស្រុកស្ទឹងត្រង់ ដែលកំពុងប្រើប្រាស់អាគុយ សម្រាប់បំភ្លឺជារៀងរាល់ថ្ងៃនោះ រសៀលថ្ងៃទី១២ ខែកញ្ញា នេះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងសហការី បានចុះទៅជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋទាំង២ភូមិ ដើម្បីពិនិត្យជាក់ស្ដែង និងដោះស្រាយនូវការលំបាករបស់ពួកគាត់។

មន្ត្រីដដែរ បានបន្តថា ក្រោយពីបានស្តាប់នូវការលើកឡើងពីតំណាងប្រជាពលរដ្ឋទាំង២ភូមិ និងការលើកឡើងរបស់តំណាងម្ចាស់សេវាករអគ្គិសនីរួចមក ឯកឧត្ដម គួច ចំរើន បានជម្រុញឲ្យប្រជាពលរដ្ឋ សហការជាមួយម្ចាស់អគ្គិសនីឲ្យដាក់ពាក្យសុំតភ្ជាប់ចរន្តអគ្គិសនី ដោយបានផ្ដល់នូវថវិកាចំនួន១លានរៀល ដើម្បីរៀបចំការងារ តភ្ជាប់បណ្ដាញ អគ្គិសនីចាប់ពីពេលនេះតទៅឲ្យបានលឿន និងឲ្យប្រជាពលរដ្ឋទាំង២ភូមិនោះ បានប្រពន្ធ័ភ្លើងអគ្គិសនីប្រើប្រាស់នៅក្នុងខែតុលានេះ ។

ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន បានប្រគេនបច្ច័យចំនួន១១លានរៀលដល់ព្រះគ្រូចៅអធិការវត្តនៅទីនោះ ដើម្បីចូលរួមកសាងសមិទ្ធិផលក្នុងវត្តផងដែរ ៕