ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ប្រាក់ សុខុន អញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅប្រទេសជប៉ុន រយៈពេលពីរថ្ងៃ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេង គ្រី៖

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅប្រទេសជប៉ុន ពីថ្ងៃទី១៨ ដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។

តាមសេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានព័ត៌មានក្រសួងការបរទេសបានអោយដឹងថាក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុនឯកឧត្តមឧបនាយករដ្ឋមន្រ្តីនឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីរបស់ឯកឧត្តម គឺឯកឧត្តមតារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុននឹងបន្តដោយការពិសាអាហារថ្ងៃត្រង់ការងារ។ ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពដ៏យូរលង់ រដ្ឋមន្រ្តីទាំងពីរនឹងធ្វើការពិភាក្សាត្រង់ទៅ ត្រង់មក និងផ្លាស់ប្តូរទស្សនៈគ្នាសំដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលនឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជននិងប្រទេសទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏មានគំរោងជួបជាមួយឥស្សរជនសំខាន់ៗរបស់ជប៉ុន ដូចជា ឯកឧត្តម ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា ប្រធានសមាគមមិត្តភាពសភាកម្ពុជា-ជប៉ុន ឯកឧត្តមម៉ាសាហ៊ីកូ កូមួរ៉ា អនុប្រធានគណបក្សប្រជាធិបតេយ្យសេរី(LDP)។

គួរកត់សំគាល់ថាកម្ពុជានិងជប៉ុនបានបង្កើតភាពជាដៃគូយុទ្ធសាស្រ្តនៅឆ្នាំ២០១៣ ហើយជប៉ុនគឺជាដៃគូអភិវឌ្ឍដ៏សំខាន់មួយក្នុងការស្តារនិងអភិវឌ្ឍន៍កម្ពុជាក្រោយឆ្នាំ១៩៩៣មក៕