ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណៈប្រតិភូនាយកដ្ឋានសន្តិសុខសាធារណៈរបស់ចិន ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ — នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូសន្តិសុខសាធារណៈចិនដឹកនាំដោយ HU BIN CHEN អគ្គនាយករង នៃអគ្គនាយកដ្ឋានសន្តិសុខសាធារណៈ នៃសាធារណរដ្ឋ ប្រជាមានិតចិន បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

ឯកឧត្តម យន្ត មីន អភិបាលខេត្ត បានស្វាគមន៍គណៈប្រតិភូ និងជម្រាបជូន ពីសក្តានុពល និងភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ មានកំពង់ផែទឹកជ្រៅ ជាបំពង់ករសេដ្ឋកិច្ច យ៉ាងធំរបស់កម្ពុជា ធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការកើនឡើង ខេត្តមានផ្លូវគមនាគមន៍ មានដូចជា ផ្លូវទឹក ផ្លូវគោក ផ្លូវរថភ្លើង និងផ្លូវអាកាស មានអំណោយផល បម្រើសេវាកម្ម កសិកម្ម និងទេសចរណ៍។ ដោយឡែកវិស័យស័សឧស្សាហកម្ម មានតំបន់សេដ្ឋកិច្ចពិសេស៤ ក្រុងព្រះសីហនុ មានក្រុមហ៊ុនហុងតូបានរៀបចំដំណើការបានល្អ ម្យ៉ាងទៀតដោយការអនុវត្ត នូវគោលនយោបាយរបស់រដ្ឋាភិបាលចិន និងកម្ពុជា ផ្លូវមួយ ខ្សែក្រវាត់មួយធ្វើឱ្យអ្នកវិនិយោគ មកពីប្រទេសចិនយ៉ាងច្រើនមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ។

ឯកឧត្តមបន្តថា ខេត្តព្រះសីហនុ មានទំនាក់ទំនងល្អជាមួយប្រទេសចិនលើផ្នែកវប្បធម៌ ប្រពៃណីកាន់តែល្អរដ្ឋបាលខេត្តស្វាគមន៍គណៈប្រតិភូ ដែលបានមកធ្វើទស្សនកិច្ចនៅខេត្ត ព្រះសីហនុ ដើម្បីសហការការពារសន្តិសុខ សុវត្ថិភាព ការពារអ្នកវិនិយោគ និងទេសចរ រដ្ឋបាលខេត្តនឹងខិតខំការពារវិនិយោគចិន ដោយអនុវត្តន៍តាមច្បាប់ ដោយមានការសហការ ជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា រួមគ្នាការពារផលប្រយោជន៍ នៃប្រទេសទាំងពីរ។

លោក HU BIN CHEN អគ្គនាយករង នៃអគ្គនាយកដ្ឋានសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិនមានប្រសាសន៍ថា គោលបំណងនៃជំនួបពិភាក្សានេះ ផ្តោត សំខាន់លើកិច្ចសហការរួមគ្នាការការពារសន្តិសុខ សុវត្ថិភាពជូនអ្នកវិនិយោគ និងភ្ញៀវទេសចរ ស្របពេលដែលខេត្តព្រះសីហនុ ត្រូវបានវិនិយោគិនចិន និងទេសចរចិន ចាប់អារម្មណ៍ខ្លាំង ខេត្តជាប់មាត់សមុទ្រមួយនេះ នារយៈកាលពីរឆ្នាំចុងក្រោយនេះ។

លោកបានថ្លែងកោតសរសើរថ្នាក់ដឹកនាំខេត្តព្រះសីហនុមានការសហការ ដើម្បីពង្រឹង ការងារសន្តិសុខនៅខេត្តព្រះសីហនុ ដោយសារតែខេត្តមានការអភិវឌ្ឍលឿន ធ្វើឱ្យតំបន់សេដ្ឋ កិច្ចពិសេសក្រុងព្រះសីហនុ ដំណើរការទៅមុខបានយ៉ាងល្អប្រសើរ។ រដ្ឋាភិបាលចិន គ្រោងជួយផ្តល់ផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាលដល់នគរបាល និងបំពាក់ប្រព័ន្ធកា មេរ៉ាសុវត្ថិភាពតាមដានការគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាព៕

ដោយ ងូ សុមុនី