ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្នុងមួយឆ្នាំ សហគមន៍ផលិតផលមៀនប៉ៃលិន  ទទួលទិន្នផលផ្លែមៀនបានជាង ៥.០០០តោន និងកើនឡើងជាង៣០ភាគរយ ជារៀងរាល់ឆ្នាំ

AKP ប៉ៃលិន ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ — ប្រធានសហគមន៍មៀនប៉ៃលិន បានអះអាងថា បច្ចុប្បន្នសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន ទទួលបានទិន្នផលផ្លែមៀនចំនួន៥.៥៩០តោន ក្នុងឆ្នាំ២០១៧ ហើយកើនឡើងជាង៣០ ភាគរយ ជារៀងរាល់ឆ្នាំ ដើម្បីផ្គត់ផ្គង់ទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស។

ថ្លែងក្នុងមហាសន្និបាតបូកសរុបការងារលើកទី៣ ឆ្នាំ២០១៨ របស់សហគមន៍កសិកម្មផលិត ផលមៀនប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ លោក ស្រេង ស្រៀង ប្រធានសហគមន៍មៀនប៉ៃលិន  បានលើកឡើងថា បច្ចុប្បន្ន នេះ ប្រជាកសិករនៅខេត្តប៉ៃលិន បានងាកមកដាំដំណាំយុទ្ធសាស្ត្រឈើហូបផ្លែ ដូចជា ដំណាំមៀនប៉ៃលិន ជំនួសដំណាំដំឡូង ពោត សណ្តែក ស្របពេលដែលប្រភេទដំណាំទាំងនេះ មិន សូវអំណោយផល និងទទួលបាន​ទន្និផលទាប។  លោកបានបញ្ជាក់ថា ក្រៅពីការទទួល បាននូវទិន្នផលច្រើននេះ កសិករក៏ កំពុងជួបនូវបញ្ហាជាច្រើនផងដែរទាក់ទងនឹងការធ្វើច្បាប់ ស្តង់ដារភូតគាមអនាម័យ ដែលកំពុងធ្វើឱ្យរាំងស្ទះដល់ការនាំចេញ កសិផលរបស់ខ្មែរ ដោយ ត្រង់​ទៅក្រៅប្រទេសជាពិសេស គឺ ផ្លែមៀនប៉ៃលិន និងផ្លែស្វាយកែវល្មៀត។

លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ដប៉ៃលិន បានឱ្យដឹងថា សព្វថ្ងៃនេះ ផ្លែ មៀននៅខេត្តប៉ៃលិន មានបរិមាណកើនឡើងជារៀងរាល់ឆ្នាំ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាណិជ្ជកម្មផ្ទាល់ គឺកំពុងជួយសម្របសម្រួល និងបើក​ផ្លូវឱ្យការនាំចេញផ្លែមៀន ប៉ៃលិន ទៅលក់នៅប្រទេសចិនដោយត្រង់តែម្តង ដោយមិនបានឆ្លងកាត់​ប្រទេសថៃ ដូចជា ការចុះអនុស្សរណៈ វាងប្រទេសទាំងពីរ និងការធ្វើច្បាប់បញ្ជាក់ស្តង់ដារភូតគាមអនាម័យ ជាដើម។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ដែរថា សហគមន៍កសិកម្ម មានតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ជីវភាពរបស់ប្រជាកសិករ នៅតាមមូលដ្ឋានដោយ ផ្ទាល់។ ឯកឧត្តមបានលើកឡើងថា ដើម្បីឱ្យសហគមន៍ផលិតផលមៀនប៉ៃលិននេះមាននិរន្តរ ភាព និងមានការរីកចម្រើនទៅបាន គឺថ្នាក់ដឹកនាំ និងសមាជិកសហគមន៍ទាំងមូល ត្រូវ បង្កើននូវជំនឿចិត្ត មានភាពស្មោះត្រង់ និងតម្លាភាព ហើយខិតខំស្វែងដៃគូសហការ វិនិយោគ ព្រមទាំងមានទីផ្សារច្បាស់លាស់។ ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ការរៀបចំមហា សន្និបាតរបស់សហគមន៍នាពេលនេះ គឺជាឱកាសមួយយ៉ាងសំខាន់សម្រាប់ថ្នាក់ដឹកនាំសហ គមន៍ និងសមាជិកសហគមន៍ទាំងអស់បានបញ្ចេញនូវមតិយោបល់នានា ព្រមទាំងបាន បង្ហាញនូវលទ្ធផលការងារដែលសហគមន៍បានអនុវត្តន៍នាពេលកន្លងមក និងផែនការទិស ដៅផ្សេងៗដែលសហគមន៍ត្រូវធ្វើបន្ត។

ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជ កម្ម បានខិតខំធ្វើការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ សំដៅស្វែងរកដំណោះស្រាយ បញ្ហានានា ជូនដល់វិស័យឯកជនទាំងជាតិ អន្តរជាតិក៏ដូចជារាជរដ្ឋាភិបាលបានគាំទ្រការ រៀបចំជំនួបធុរកិច្ច ក៏ដូចជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផ្សេងៗ។  ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់សហគមន៍មៀនប៉ៃលិន ដែលបានខិតខំរួមគ្នាចងក្រងជាសហគមន៍ និងចូលរួមលើកស្ទួយគុណភាពកសិផលខ្មែរ សម្គាល់ភូមិសាស្ត្រ។ ឯកឧត្តមបានជំរុញដល់ សហគមន៍ត្រូវរួមគ្នាផលិតផ្លែមៀនឱ្យបានបរិមាណច្រើន ព្រមទាំងមានគុណភាព និង អនាម័យ ស្រមតាមស្តង់ដារ និងតម្រូវការទីផ្សារអន្តរជាតិ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ សហ​គ​ម​ន៍ផលិតផល​មៀនប៉ៃលិន មានសមាជិកចំនួន  ២២៨នាក់ ស្រី​៤២នាក់ មកពីខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្ដប៉ៃលិន ផ្ទាល់ ហើយសហគមន៍បានចុះកុងត្រាលក់ផ្លែមៀនទៅឱ្យក្រុមហ៊ុនចិន នៅ​ក្នុង​ប្រទេសថៃ  ដោយមានផ្ទៃដីដាំដុះចំនួន៧៤៦ហិកតា ស្មើនឹង១១១.៩០០ដើម មានប្រាក់ភាគហ៊ុនសរុប ចំនួន ២៣៣. ៩០០. ០០០រៀល ស្មើនឹង ២.៣៣៩ហ៊ុន ព្រមទាំងទុនសរុបចំនួន ៣៧៥. ៤២៩.​ ៩០០រៀល៕

 ដោយ ញ៉ឹប បូរី