ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចចក្រី ហេង សំរិន  ប្រកាសជាឱឡារិកថា នឹងខិត​ខំក្នុងកិច្ចការកសាងច្បាប់ ការងារត្រួតពិនិត្យ ការអនុវត្តច្បាប់ និងការពារផលប្រយោជន៍ជនរួមជាតិជាម្ចាស់ឆ្នោត

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ — ថ្លែងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមា​​ជិករដ្ឋសភា និងជាប្រធានរដ្ឋ សភាសម្រាប់អាណត្តិនីតិកាលទី៦នេះ  សម្តេចបានប្រកាសជាឱឡារិកថា ដោយឈរលើមូល ដ្ឋានរដ្ឋធម្មនុញ្ញរបស់ជាតិ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ព្រមទាំងគោលការណ៍ច្បាប់នានា ជាមូលដ្ឋាន សម្តេចថានឹងខិត​ខំគ្រប់សកម្មភាពបំពេញភារកិច្ចលើកកម្ពស់តួនាទីពិតប្រា​ក​​ដរបស់រដ្ឋសភា ក្នុងកិច្ចការកសាងច្បាប់ ការងារត្រួតពិនិត្យ ការអនុវត្តច្បាប់ និងការពារផល ប្រយោជន៍ជនរួមជាតិទូទៅជាម្ចាស់ឆ្នោត។

សម្តេចបានប្រកាសយ៉ាងដូច្នេះ បន្ទាប់ពីសម្តេចប្រកាសជាផ្លូវការស្តីពីកិច្ចរៀបចំ ក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល នៅក្នុងឱកាសបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៦ នាព្រឹកថ្ងៃទី០៦ ខែកញ្ញានេះ ដោយសម្តេចបានបញ្ជាក់ថា ដោយឈរ លើមូលដ្ឋានរដ្ឋធម្មនុញ្ញរបស់ជាតិ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ព្រមទាំងគោលការណ៍ច្បាប់ នានាជាមូលដ្ឋាន សម្តេចថានឹងខិត​ខំគ្រប់សកម្មភាពបំពេញភារកិច្ចលើកកម្ពស់តួនាទីពិតប្រា​ក​​ដរបស់រដ្ឋសភា ក្នុងកិច្ចការកសាងច្បាប់ ការងារត្រួតពិនិត្យ ការអនុវត្តច្បាប់ និងការពារផល ប្រយោជន៍ជនរួមជាតិទូទៅជាម្ចាស់ឆ្នោត។

ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្តែងការកោតសរសើរ និងសូមថ្លែងអំណរគុណ ដោយក្តីដឹងគុណជានិច្ច ចំពោះជនរួមជាតិគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ដែលបានបំពេញកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុត ក្នុងនាមប្រជាពលរដ្ឋចូលរួមចំណែក សម្តែងឆន្ទៈគាំទ្រចំពោះសម្តេច ឯកឧត្តម លោកជំទាវ នៅក្នុងគណបក្សនយោបាយនានា ដែលជនរួមជាតិពេញចិត្ត តាមរយៈការបោះឆ្នោតជាលក្ខណៈសកលសម្រាប់នីតិកាលទី៦នេះ ក្នុងបរិយាកាសថ្លៃថ្នូរ តម្លាភាព ត្រឹមត្រូវ សេរី និងយុត្តិធម៌ ផ្អែកតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ សម្តេចក៏បានថ្លែងអំណរគុណ ចំពោះអ្នកសង្កេត ការណ៍ជាតិ អន្តរជាតិ និងបណ្តាប្រទេសជាមិត្ត ដែលគាំទ្រលើការបោះឆ្នោតជ្រើសតាំង សមាជិករដ្ឋសភានីតិកាលទី៦នេះ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានថ្លែងនូវអំណរ ព្រះមហាករុណាទិគុណជាអនេកកប្បការផងដែរ ថ្វាយព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បាន សព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងការបើកសម័យ ប្រជុំដំបូង នីតិកាលទី៦ នៃរដ្ឋសភា។ តំណាងសមាជិក សមាជិការដ្ឋសភា សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ក៏សូមគោរពថ្វាយ ព្រះរាជសព្ទសាធុការពរ សូមព្រះអង្គមានព្រះរាជ សុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រមទាំងព្រះរាជជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ សម្រាប់កូនចៅ ជនរួមជាតិទូទៅ ស្ថិតក្នុងសុខសន្តិភាព និងស្ថិរភាពរឹងមាំយូរអង្វែង៕

ដោយ ប៉ាល់ សុង