ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានាធិបតីស៊ីរី ថា ស.រ.អា ធ្វើនយោបាយគំរាមកំហែងនឹងដាក់ទណ្ឌកម្ម

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ — តាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយប្រធានាធិបតី ក្នុងប្រទេសស៊ីរីឱ្យដឹងថា ប្រធានាធិបតីស៊ីរី លោក បាសា​អាល់- អាសាដ ( Bashar al –Assad ) បាននិយាយពីថ្ងៃពុធថា ស.រ.អា បានអនុម័តនូវនយោបាយគំរាមកំហែងការដាក់ទណ្ឌកម្ម និងការគាំទ្រអំពើភេរវកម្ម ។

ការកត់សម្គាល់របស់លោកធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំរបស់លោកជាមួយ លោក រីឆាដ ប្លាក់ ( Richard Black ) សមាជិកព្រឹទ្ធសភារដ្ឋ វើជីនៀរ ដែលបានធ្វើដំណើរទៅដល់ក្រុងដាម៉ាស់ ដើម្បីធ្វើកិច្ចប្រជុំជាមួយលោក ​អាសាដ ។
កិច្ចប្រជុំនោះមានជាប់ទាក់ទងដល់ការអភិវឌ្ឍនឹងការធ្វើនយោបាយថ្មីបំផុតដែលបានប្រកាន់យកដោយ សរ.អា នៅក្នុងតំបន់នេះ ។
លោក ​អាសាដ បាននិយាយថា ការផ្លាស់ប្តូរនៅក្នុងតួនាទីរបស់ ស.រ.អា ឆ្ពោះទៅរកការធ្វើឱ្យ សម្រេចបានសន្តិភាពជាជំនួសការបន្តអុជឱ្យមានសង្គ្រាមនឹងមានផលប្រយោជន៍ច្រើនដល់ ស.រ.អា និងប្រជាជនរបស់ខ្លួន ។ សម្រាប់លោកវិញលោក ប្លាក់ បាននិយាយថា ការធ្វើនយោបាយតៗគ្នារបស់ ស.រ.អា ចំពោះមជ្ឈិមបូព៌ាបានបង្កឱ្យប្រជាជនតំបន់នេះ បាត់បង់នូវជំនឿទុកចិត្តទាំងអស់នៅក្នុងការធ្វើនយោបាយរបស់ ស.រ.អា ។

ព្រឹទ្ធសមាជិក ស.រ.អា រូបនេះក៏បានសំដែងការស្ញើចសរសើរផងដែរនូវអ្វីដែលលោកបានឃើញក្នុងប្រទេសស៊ីរី ដែលបានវិលត្រឡប់ទៅរកភាពរស់រវើកឡើងវិញនៅកន្លែងជាច្រើន ដែលគេបានរំដោះចេញពីពួកឧទ្ទាម ,នេះបើតាមសេចក្តីរាយការណ៍ធ្វើឡើងដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយប្រធានាធិបតី បានឱ្យដឹង ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅពេលមួយដែលរដ្ឋការរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងព្រមានរដ្ឋាភិបាលលោក ​អាសាដ ប្រឆាំងនឹងការបើកការវាយប្រហារដ៏ធំមួយទៅលើទីតាំងពួកឧទ្ទាមយ៉ាងសំខាន់ចុងក្រោយនៅក្នុងខេត្តអ៊ីដលីប ប្រទេសស៊ីរីភាគពាយ័ព្យ។

ស.រ.អា , អង់គ្លេស និងបារាំង បាននិយាយកាលពីពេលថ្មីៗនេះថា កងកម្លាំងរដ្ឋាភិបាលក្នុងប្រទេសស៊ីរីប្រហែលជាកំពុងមានផែនការវាយប្រហារដោយគីមី នៅអ៊ីដលីប ជាការប្រកាសមួយ ដែលត្រូវបានរិះគន់ទាំងស្រុងដោយក្រុងដាម៉ាស់ នឹងសម្ព័ន្ធមិត្តរបស់ខ្លួន គឺរុស្ស៊ី និងអ៊ីរ៉ង់ ។

ពួកមន្ត្រីនៅក្រុងដាម៉ាស់ និងសម្ព័ន្ធមិត្តរបស់ខ្លួនបាននិយាយថា ការបង្កហេតុនៃការប្រើអាវុធគីមីត្រូវបានរៀបចំឡើងដោយពួកឧទ្ទាមដើម្បីបង្ហាញថា សមហេតុសមផលការវាយប្រហាររបស់ ស.រ.អា លើប្រទេសស៊ីរី ដោយចោទប្រកាន់បណ្តាប្រទេសលោកខាងលិចពីបទគ្រោងធ្វើការវាយប្រហារស៊ីរី នៅក្រោមការប្រកាសអះអាងដែលក្លែងក្លាយ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )