ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់នឹងបញ្ចុះបញ្ចូលតួកគីឱ្យដោះលែងពួកអ្នកទោសនយោបាយ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ — រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Meiko Maas បាននិយាយពីថ្ងៃពុធថា លោកនឹងប្រើប្រាស់ ទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់លោកនៅប្រទេសតួកគីធ្វើជាឱកាសមួយ ដើម្បីរំលឹកឡើងវិញការទាម ទារឱ្យដោះលែងពលរដ្ឋអាល្លឺម៉ង់ ដែលត្រូវបានគេឃុំឃាំងនៅទីនោះលើហេតុផលនយោបាយ ។

ថ្លែងនៅមុនកិច្ចប្រជុំជាមួយប្រធានាធិបតីតួកគី លោក រ៉េសេប តាយីប អែរដូហ្គាន (Recep Tayyip Erdogan ) និងរដ្ឋមន្ត្រីការបរទេសលោក ម៉េវ លុត កាវូសូហ្គ្លូ ( Mevlute Cavusoglu ) នោះលោក Maas បានលើកឡើងថា វាគ្មានការសម្ងាត់ណាមួយទេដែលថា ការអភិវឌ្ឍកាលពីពេលថ្មីៗនេះបានជះស្រមោលមួយទៅលើចំណងទាក់ទងការទូតយ៉ាងជិតស្និទ្ធជាប្រពៃណីរវាងប្រទេសអាល្លឺម៉ង់និងតួកគីនោះ ។

លោក Maas បានប្រាប់ពួកអ្នកយកព័ត៌មានថា ចំនួនខ្ពស់នៃការជាប់ពន្ធនាគារនឹងជាភ័ស្តុតាង ចំពោះស្ថានភាពនេះ ដោយលោកនិយាយបន្ថែមថា អាចមិនមានភាពធម្មតាណាមួយទេ នៃទំនាក់ទំនងទ្វេភាគី បើគេមិនដោះលែងអ្នកទោសអាល្លឺម៉ង់៧នាក់ចុងក្រោយ នៅក្នុងប្រទេសតួកគីនោះ ។

ពលរដ្ឋអាល្លឺម៉ង់យ៉ាងហោចណាស់៣៥នាក់ ត្រូវបានគេឃុំឃាំងនៅក្នុងខណៈមានរដ្ឋប្រហារយោ ធា មិនបានសម្រេចប្រឆាំងនឹងលោក អែរដូហ្គាន ក្នុងឆ្នាំ ២០១៦ ភាគច្រើននៃពួកគេត្រូវបានគេចោទ ប្រកាន់ពីបទគាំទ្រឃឺដខុសច្បាប់ឬអង្គការឆ្វេងនិយម ។

តាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Maas កាលពីថ្ងៃពុធ នឹងកត់សម្គាល់ឱ្យឃើញនូវការចាប់ផ្តើមកម្មវិធីយ៉ាងល្អិតល្អន់មួយនៃការផ្លាស់ប្តូរការទូត រវាងអាល្លឺម៉ង់និងតួកគី ដែលនឹងកើតឡើងក្នុងប៉ុន្មានខែខាងមុខនេះ ។ក្នុងចំណោមកម្មវិធីដទៃទៀតនោះ លោក អែរដូហ្គាន ត្រូវបានគ្រោងទទួលដោយអាធិការបតីអាល្លឺម៉ង់លោកស្រី អានជេឡា មែរកែល (Angela Merkel ) ក្នុងក្រុងបែរឡាំងសម្រាប់ទស្សនកិច្ចផ្លូវការមួយក្នុង៣សប្តាហ៍ទៀត ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )