ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរខណ្ឌ និងមន្ទីរពាក់ព័ន្ធផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ –ឯកឧត្ដម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌនិង មន្ទីរជំនាញពាក់ព័ន្ធទាំងអស់ត្រូវផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា សម្រាប់អាណត្តិទី៦ របស់រដ្ឋាភិបាលថ្មីនេះ

      ឯកឧត្ដម ឃួង ស្រេង បានជំរុញបែបនេះនៅក្នុងកិច្ចប្រជុំស្តីពីការផ្តល់សេវាជូនប្រជាពល រដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធនិងកម្លាំងមានសមត្ថកិច្ច នៅតាមមូលដ្ឋានផងដែរ

     ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា  ដើម្បីឱ្យប្រជាពលរដ្ឋគាំទ្រយើង យើងត្រូវបម្រើពួកគាត់ទៅតាមតួនាទីដែលយើងជួយគាត់បាន ហើយការផ្តល់សេវាយឺតយ៉ាវត្រូវតែបញ្ចប់ ដើម្បីបង្កើនការទុកចិត្តពីប្រជាពលរដ្ឋ ។ 

    លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី រាជធានីភ្នំពេញបានប្រសាសន៍ថា មន្ទីរបានធ្វើជាការងារអន្តរវិស័យ ដោយយើងជាអ្នកបម្រើប្រជាពលរដ្ឋត្រូវបម្រើប្រជាពលរដ្ឋហើយ ។ទាំងមុននិងក្រោយការបោះឆ្នោត យើងបានធ្វើការងារជាច្រើនដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ដែលមកដល់ពេលនេះបានផ្តល់ជូនបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានចំនួន ១.២៣៧ក្បាលដីហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋដែលមានជីវភាពមធ្យមកម្រិតទាប ទៅជាប្រជាពលរដ្ឋដែលមានជីវភាពមធ្យមកម្រិតខ្ពស់។  

   លោកបន្តទៀតថា ក្នុងចំណោមបុរីទាំង ១៨៩បុរីនៅក្នុងរាជធានីពេញភ្នំពេញ មន្ទីរបានជំរុញឱ្យធ្វើប័ណ្ណកម្មសិទ្ធិ បានមួយចំនួនហើយ ដូច្នេះយើងត្រូវរួមគ្នាធ្វើ ដើម្បីផលប្រយោជន៍ ប្រជាពលរដ្ឋនិងបង្កើនប្រាក់ចំណូលពន្ធចូលរដ្ឋផងដែរ។  ដូច្នេះខណ្ឌទាំងអស់ត្រូវកំណត់ដែនដីរបស់ខ្លួនគ្រប់គ្រងឱ្យបានច្បាស់លាស់ រវាងដីរបស់រដ្ឋនិងដីឯកជនចៀសវាង ការធ្វើប្លង់រួចហើយ នៅតែខុស ឬត្រួតស៊ីគ្នា 

ដោយសួស សំរិត