ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កិច្ចប្រជុំរបស់គណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់

AKP កំពង់ធំ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ –នារសៀលថ្ងៃពុធ ១០រោខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ខែកញ្ញា ឆ្នាំ២០១៨ ៅខេត្តកំពង់ធំបានរៀបចំកិច្ចប្រជុំរបស់គណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រប្រចាំឆមាសទី១ឆ្នាំ២០១៨ក្រោមអធិបតីភាពឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ។  

នៅក្នុងកិច្ចប្រជុំនេះឯកឧត្តម សុខ លូ មានប្រសាសន៍ថា ឱសថក្លែងក្លាយ ឱសថគ្មានគុណភាព ឱសថផុតកំណត់ប្រើប្រាស់ និងសេវាសុខាភិបាលខុសច្បាប់ តែងតែបង្កឱ្យមានផលវិបាកដល់សុខភាពប្រជាពលរដ្ឋ និងសង្គម។ ឯកឧត្តម ក៏បានកោតសសើរចំពោះលោក-លោកស្រី ប្រធានគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខភិបាលខុសច្បាប់ និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យសម្រេចបានជោគជ័យ និងបន្តភារកិច្ចនេះបន្តទៅទៀត។

ឯកឧត្តម ក៏បានលើកឡើងផងដែរថា យោងតាមរបាយការណ៍របស់គណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រខេត្តកំពង់ធំ មានសេវាថែទាំពិគ្រោះព្យាបាល ចំនួន ៤៣៧កន្លែង ក្នុងនោះ អត់ច្បាប់ មាន ១កន្លែង។ ដូច្នេះសូមមន្ត្រីសុខាភិបាល ក្រុង ស្រុក ត្រូវធ្វើការចុះផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋាន ប្រកាស សេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាលឱ្យបានញឹកញាប់ រួមគ្នាទប់ស្កាត់ការផ្សព្វផ្សាយផលិតផលខុសច្បាប់ដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ព្រោះបច្ចុប្បន្ននេះ ប្រជាពលរដ្ឋយើងបាន និងកំពុងមកប្រើប្រាស់សេវាសុខាភិបាលសាធារណៈ មានការកើនឡើងជាលំដាប់ ដែលជាកិច្ចការយើងត្រូវយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត តាមយន្តការវិមជ្ឈការ និងវិសហវិមជ្ឈការ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

ដោយ​ ស៊ុម វណ្ណា