ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី០ ខែកញ្ញា ឆ្នាំ២០១៨ –កាលពីថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាស្រុកជាំក្សាន្តខេត្តព្រះវិហារ មានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិ បាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ដោយមានការចូលរួម ពីអភិបាលនៃគណៈអភិបាលក្រុង ស្រុកទាំង៨ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទមេបញ្ជាការ មេបញ្ជាការរងឈរជើងតាមបណ្តោយព្រំដែន និងប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត ។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់បណ្តាអង្គភាពនានាចំណុះឱ្យខេត្តព្រះវិហាររួចមកឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា អង្គភាពជុំវិញខេត្ត ត្រូវសហការគ្នាលុបបំបាត់ឱ្យ អស់ក្រុមញៀនថ្នាំ និងក្រុមរក្សាទុក ជួញដូរ ប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន ហើយមេឃុំ ចៅសង្កាត់ និងអាជ្ញាធរពាក់ព័ន្ធត្រូវធ្វើការផ្សព្វផ្សាយ និងវែកមុខសញ្ញាក្រុមទាំងនេះ នៅក្នុងមូលដ្ឋានរបស់ខ្លួន គឺធ្វើដើម្បីភូមិ ឃុំមានសុវត្ថិភាពនិង ក្រុមរកស៊ីដឹកជញ្ជូនព្រៃឈើ មិនត្រូវយករថយន្តដែលពាក់ស្លាកលេខ ខ.ម ឬ ន.ប មកធ្វើមធ្យោបាយ ទៅដឹកជញ្ជូនឈើខុសច្បាប់ជាដាច់ខាត ។

ឯកឧត្តម អភិបាលខេត្តបានក្រើនរម្លឹកដល់បណ្តាអង្គភាព កងកម្លាំងប្រដាប់អាវុធចំណុះទូទាំងខេត្តព្រះវិហារ ដោយមិនត្រូវឱ្យមានរថយន្ត ដែលពាក់ស្លាកលេខ ខ.ម ឬន.ប ឬរថយន្តរបស់អង្គភាព យកទៅដឹកអនុផលព្រៃឈើ ដោយខុសច្បាប់បន្តទៅទៀតជាដាច់ខាត ដោយឯកឧត្តម បានដាក់នូវឱសានវាទទុកឱ្យរយៈពេល១ខែ ត្រូវបញ្ឈប់ឱ្យបានជាបន្ទាន់ ដោយគិតចាប់ពីពេលដាក់ផែនការនេះតទៅ ។

ឯកឧត្តម បានលើកឡើងទៀតថា ករណីពលរដ្ឋចំណូលស្រុក ដែលមកពីបណ្តាខេត្តនានា ដោយត្រូវធ្វើយ៉ាងណា អាជ្ញាធរដែលពាក់ព័ន្ធ ត្រូវត្រួតពិនិត្យពលរដ្ឋទាំងនោះ ឱ្យបានហ្មត់ចត់ ព្រោះពលរដ្ឋដែលចំណូលស្រុកទាំងនេះ វាអាចនឹងងាយបង្កឱ្យមានបញ្ហាផ្សេងៗ កើតមានឡើង ។

ឯកឧត្តម អភិបាលបានសង្កត់ធ្ងន់ថា ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលលេខធំអន្តរាគមន៍លេខ៣ប្រចាំទិសទី១ប្រាសាទព្រះវិហារបានលើកឡើងថា បើក្នុងករណីណា ដែលមានការឃាត់ខ្លួនបានកូន ចៅរបស់លោក ហើយត្រួតពិនិត្យទឹកនោមឃើញថា មានពាក់ព័ន្ធជាមួយនឹងករណីគ្រឿងញៀន គឺត្រូវបានបញ្ឈប់ និងបណ្ដេញចេញពីអង្គភាពដោយស្វ័យប្រវត្តិ ៕

ដោយទិត ស៊្រ