ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ស ថាវី ចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ នៅស្រុកអន្លង់វែង

AKP ឧត្តរមានជ័យ ថ្ងៃទី០ ខែកញ្ញា ឆ្នាំ២០១៨ –នៅសាលាស្រុកអន្លង់វែង ឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ បានអញ្ជើញចែកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ដល់ប្រជាពលរដ្ឋក្រីក្រ ជនពិការ ក្មេងកំព្រា ចាស់ជរា គ្មានទីពឹង ស្ត្រីមេម៉ាយ និង អ្នកផ្ទុកមេរោគអេដស៍ ចំនួន ២០០គ្រួសារ មកពី ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យនារសៀលថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨

ឯកឧត្តម ស ថាវី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ជនពិការ ក្មេងកំព្រា ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ និង អ្នកផ្ទុកមេរោគអេដស៍ ទាំង២០០គ្រួសារ សម្ដេចទាំងពីរតែងតែយកចិត្តទុកដាក់គិតគូរ ដោះស្រាយនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសបងប្អូនដែលជួបការលំបាក

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ក្នុងនាមប្រធានកិត្តិសយសាខាកាកបាទក្រហមខេត្ត និងលោក ឃិន ញ៉ាណ អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ធ្វើការចែកជូននូវអំណោយសង្គ្រោះបន្ទាន់ ដើម្បីធ្វើការជួយសង្គ្រោះបងប្អូនឱ្យបានទាន់ពេលវេលាដូច្នេះសូមបងប្អូនថែរក្សាសុខភាពរស់នៅស្អាត ផឹកស្អាត អនាម័យល្អពិសេសក្នុងរដូវវស្សាដែលមានទឹកកំពុងតែជន់លិចជាបន្តបន្ទាប់នៅខេត្តឧត្តរមានជ័យយើងនេះ

អំណោយដែលចែកជូននៅពេលនេះក្នុង១គ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ និងឃីដ ១កញ្ចប់ ( មុង១ ក្រម៉ា១ ភួយ១ សារ៉ុង១ )

ដោយ ទិត ស្រ៊