ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ថោង ខុន ទទួលជួបពិភាក្សាការងារជាមួយ ភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារ ជាមួយលោក Laurent Triponey ភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីកាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីក្រសួង។

ក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍បា​ន​សរសេរថា នៅ ក្នុងជំនួបពិភាក្សាការងារនោះ បានផ្តោតលើប្រធានបទចំនួនពីរគឺ៖ ១.ពង្រឹងនិងពង្រីក ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-បារាំង ឱ្យកាន់ តែរីកចម្រើនខ្លាំងក្លា​ថែមទៀត និង២. ការត្រៀមរៀបចំដំណើរទស្សនកិច្ចនៃគណៈប្រតិភូ វិនិយោគ ដឹកនាំដោយទីភ្នាក់ងារអភិវឌ្ឍន៍ទេសចរណ៍បារាំង Atout France, ប្រតិបត្តិករទេសចរណ៍ធំៗរបស់បារាំងដូចជាក្រុមហ៊ុន Club Med, Airfrance, CroisiEurope ដែលនឹងមកកម្ពុជាអំឡុងខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលបារាំង ពិសេសស្ថានទូត បារាំងប្រចាំកម្ពុជា និងសហការី ដែលបានរួមចំណែកអភិវឌ្ឍន៍វិស័យទេស​ចរណ៍នៅកម្ពុជា កន្លងមក និងសម្តែងនូវការរីករាយ និងស្វាគមន៍ដំណើរទស្សនកិច្ចនៅ កម្ពុជារបស់គណៈ ប្រតិភូវិនិយោគបារាំងនៅខែតុលាខាងមុខនេះ។

ជាមួយគ្នានោះ ឯកឧត្តមក៏បានជម្រាបជូនពីសារៈសំខាន់នៃវិស័យទេសចរណ៍ក្នុងការ ទ្រទ្រង់សេដ្ឋកិច្ចជាតិ ដែលទាមទារនូវការគាំទ្រ និងចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសដៃគូ អភិវឌ្ឍន៍ និងសហប្រតិបត្តិការនានា និងជាទិសដៅបន្ត។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកនូវ ចំណុចជាយុទ្ធសាស្រ្តសំខាន់មួយចំនួន និងបានស្នើឱ្យភាគីបារាំងយកចិត្ត ទុកដាក់លើវិស័យ អាទិភាពមួយចំនួនដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា ប្រកបដោយ និរន្តរភាព និងការទទួលខុសត្រូវរួមមាន៖ ទីមួយ. សារៈសំខាន់នៃជំនាញវិជ្ជា ជីវៈទេសចរណ៍តាម រយៈការដាក់ចេញនូវយុទ្ធនាការសេវាមួយ ស្តង់ដារមួយ “One service, one standard”, បុគ្គលិកម្នាក់ ជំនាញមួយ “One person, one skill” ដើម្បីរួមចំណែកពង្រឹង និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍។ ទីពីរ. ការជំរុញអភិវឌ្ឍន៍ផលិតផល ទេសចរណ៍កម្ពុជាប្រកបដោយគុណភាព និងសម្បូរបែប ពិសេសអភិវឌ្ឍន៍កម្ពុជាជា គោលដៅទេសចរណ៍ស្អាត និងបៃតង តាមរយៈការដាក់ចេញនូវចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ​ ហើយក្នុងពេលខាងមុខ នឹងមានរៀបចំចលនាប្រឡងប្រណាំងឆ្នេស្អាតគំរូនៅកម្ពុជាផងដែរ។ ទីបី. ការពង្រឹងការ សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍។

បច្ចុប្បន្ន ក្រុមប្រឹក្សាសិក្សាទីផ្សារ និងផ្សព្វផ្សាយ ទេសចរណ៍ត្រូវបានបង្កើតឡើងដោយមានការចូលរួមយ៉ាង សំខាន់ពីគ្រប់ភាគីពាក់ព័ន្ធរដ្ឋ និងឯកជន ដើម្បីជំរុញនិងទ្រទ្រង់ការផ្សព្វផ្សាយទេសចរណ៍កម្ពុជាឱ្យកាន់ តែខ្លាំងក្លាថែម ទៀត។ ទីបួន. ការពង្រឹងការគ្រប់គ្រង និងផ្សព្វផ្សាយទេសចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យា និងប្រព័ន្ធអនឡាញ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងពីសារៈសំខាន់នៃវិស័យ កីឡាទេសចរណ៍ ដែលបានដើរតួនាទី និងចូលរួមយ៉ាងសកម្មដែលរួមចំណែកដល់ការបង្កើត ផលិតផលទេសចរណ៍ និងការផ្សព្វផ្សាយកម្ពុជា តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍នានា កន្លងមក ដូចជាកីឡា Half marathon, Triathlon និងបានស្នើភាគីបារំាងជួយជំនួយ បច្ចេកទេសដើម្បីត្រៀមលក្ខណៈទទួលទេសចរក្នុង ព្រឹត្តិកាណ៍កីឡាទេសចរណ៍ធំៗដែល កម្ពុជាត្រៀមរៀបចំដូចជា Asian Beach Games នៅឆ្នាំ២០២២ និងកីឡាSEA Games នៅឆ្នាំ២០២៣ ផងដែរ។

ជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាពត្រៀមរៀបចំសេចក្តីព្រាងអនុស្សរណៈយោគ យល់ស្តីពីសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋបារាំង ដើម្បីចុះហត្ថលេខានៅពេលខាងមុខ។ បច្ចុប្បន្ន ភ្ញៀវទេសចរបារាំងដែល មកទស្សនាកម្ពុជាក្នុងឆ្នាំ២០១៧ មានចំនួន១៦៦៣៥៦នាក់ កើនឡើង ១០,៧ភាគរយ ឈរលំដាប់ទី១០ ហើយក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៨ កម្ពុជាទទួលទេសចរបារាំង ចំនួន៨៥.៩០៦នាក់ កើនឡើង ៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ឈរលំដាប់ទី៨៕

ដោយ សាយ សុន