ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សហព័ន្ធសូហ្វតេន្នីសស្នើសុំឱ្យប្រព័ន្ធផ្សព្វផ្សាយបញ្ឈប់បន្តការសរសេរការរិះគន់បង្អាប់បំបាក់ទឹកចិត្តអត្តពលិក ខុសពីការពិត

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម ជា ប៊ុនហេង អនុប្រធានទី១ សហព័ន្ធកីឡាសហ្វតេន្នី កម្ពុជាបានថ្លែងនៅក្នុង សន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃពុធទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយបាន ស្នើសុំ ឱ្យសារព័ត៌មានអនឡានមួយចំនួនបញ្ឈប់ការសរសេររិះគន់ខុសពីការពិត បង្អាប់បំបាក់ស្មារតី អត្តពលិក របស់ខ្លួន។

ការប្រកាសបែបនេះ គឺធ្វើឡើងក្រោយពេលសារព័ត៌មានអនឡាញមួយចំនួនតូច បានចេញ ផ្សាយនូវការសរសេររិះគន់យ៉ាងខ្លាំងក្លា នៅពេលដែលក្រុមអត្តពលិកកីឡា សូហ្វតេន្នីស កម្ពុជាទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី។ ការសរសេរបង្អាប់រិះគន់ខុសពីការពិតលើលទ្ធផលដែលទទួលបានក្នុងព្រឹត្តិការណ៍អាស៊ានហ្គេម ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អនុប្រធានទី១ សហព័ន្ធកីឡា សូហ្វតេន្នីសកម្ពុជាបានចាត់ទុកជាទង្វើខុសឆ្គងមួយ ដែលធ្វើឱ្យ កីឡាករកាន់តែបាក់ទឹកចិត្ដ ថ្វី ដ្បិតការប្រកួតយើងមិនទទួលបានជោគជ័យពិតមែន។ ប៉ុន្តែអ្វី ដែលសារព័ត៌មាន សរសេរវាផ្ទុយទៅនឹងលទ្ធផល ដែលអត្តពលិកខិតខំប្រឹងប្រែងប្រជែងប្រកួតដើម្បីជាតិ មាតុ ភូមិរបស់ខ្លួន ដូចបណ្តាប្រភេទកីឡានានាដែរនោះ។

អនុប្រធានរូបនេះស្នើសុំឱ្យបញ្ឈប់ការសរសេរបែបរិះគន់បង្អាប់ខុសពីការពិតបែបនេះទៀត បើពុំដូច្នោះទេ សហព័ន្ធនឹងធ្វើតាមនីតិវិធីច្បាប់ជាក់ជាមិនខាន។ ឯកឧត្តម បានបន្ថែមទៀតថា ការប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ដែលមាន១៤ប្រទេសចូលរួម សូហ្វតេន្នី កម្ពុជា ក៏ប្រជែងបានលទ្ធផលឈ្នះ ប្រទេសមួយចំនួនដែរ ហើយក៏បានចាញ់នៅពេលជួប ប្រទេសខ្លាំងដូចជា ជប៉ុន កូរ៉េ ឥណ្តូណេស៊ី ដែលប្រទេសទាំងបីនេះ ដែលមិនងាយនឹង ប្រទេសណាប្រកួតឈ្នះឡើយ។ ប៉ុន្តែកម្ពុជាចាញ់ប្រទេសខ្លាំងទាំងនោះ ក៏មិនមែនចាញ់ ដោយពិន្ទុដាច់នោះទេ ពោលគឺការចាញ់ដោយប្រទេសទាំងនោះយកឈ្នះដោយលំបាក៕

ដោយ ហេង ណាលីន