ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមហ៊ុនកសិកម្មរបស់ចិន ចង់ដំឡើងរោងចក្រផលិតផលិតផលបម្រើក្នុងការងារកសិកម្ម នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ — ក្រុមហ៊ុនកសិកម្មរបស់ចិន ចង់ដំឡើងរោងចក្រផលិតផលិតផល បម្រើក្នុងការងារកសិកម្មនៅ កម្ពុជា ដើម្បីបំពេញតម្រូវការប្រជាកសិករនៅក្នុងស្រុក។


ក្នុងពិព័រណ៍កសិកម្ម បសុសត្វ និងនេសាទ កាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ លោក Leo Liu អគ្គនាយកក្រុមហ៊ុន GreenKem បានលើក ឡើងថា កម្ពុជាជាប្រទេសកសិកម្ម ដូច្នេះការដំឡើងរោងចក្រនៅក្នុងទីផ្សារកម្ពុជាដោយផ្ទាល់ នឹងកាន់តែអាចចូលរួមបំពេញបាននូវតម្រូវការប្រជាកសិករ បានឆាប់រហ័ស ក្នុងតម្លៃទាប ផងដែរ។ លោកបន្តថា បន្ទាប់ពីដំឡើងរោងចក្រផលិតផលិតការពាររុក្ខជាតិកសិកម្ម ហើយ នោះ ក្រុមហ៊ុន ក៏យកកម្ពុជា ជាប្រទេសផលិត ដើម្បីចែកចាយទៅកាន់ទីផ្សារនៃ ប្រទេសជិត ខាង ដូចជាប្រទេសវៀតណាម ឡាវ និងប្រទេសមីយ៉ាន់ម៉ា ជាដើម ដោយសារកម្ពុជា មាន ទីតាំងអំណោយផលច្រើនក្នុងការវិនិយោគ ព្រោះរដ្ឋាភិបាលកម្ពុជា បានចេញនូវគោល ការណ៍លើកទឹកចិត្តច្រើន សម្រាប់វិនិយោគិនបរទេស។

លោកបានបន្ថែមថា ផលិតផល របស់ក្រុមហ៊ុន GreenKem ដែលកំពុងមានវត្តមាន ក្នុងទីផ្សារកម្ពុជានាពេលនេះ មាន៩ ប្រភេទ ដែលកំពុងត្រូវបានចេញចាយទៅដល់ប្រជាកសិករតាមបណ្ដាលខេត្តផ្សេងៗ រួមជា មួយនឹងវគ្គបណ្ដុះបណ្ដាល ក្នុងការប្រើប្រាស់ថ្នាំការពារដំណាំកសិកម្មនេះ ឱ្យចំគោលដៅ និងទទួលបានទិន្នផលខ្ពស់ផងដែរ។

ឯកឧត្តម គិត សេង អនុរដ្ឋលេខាធិការក្រសួងកសិកម្មក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា វិស័យកសិកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ដែលបានចូលរួមចំណែកប្រមាណ ២៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស កម្ពុជា ហើយបើគិតពីការនាំចេញ ផលិតផលកសិកម្មសរុបបានកើនឡើងដល់៥.១៣លាន តោននៅឆ្នាំ២០១៧។ ឯកឧត្តមបានបន្ដថា នៅឆ្នាំ២០៣០ វិស័យកសិកម្មកម្ពុជា នឹងឆ្ពោះទៅ រកការធ្វើទំនើប កម្មកសិកម្ម មានលក្ខណៈប្រកួតប្រជែងទីផ្សារ និងមាននិរន្តរភាព ដើម្បីរួម ចំណែកក្នុងការ ធានាបាននូវសន្តិសុខស្បៀង សុវត្ថិភាពអាហារូបត្ថម្ភ សម្រាប់ សុខុមាលភាព នៃប្រជាជន កម្ពុជា។

គួរបញ្ជាក់ថា ការរៀបចំពិព័រណ៍ AGRI CAMBODIA 2018 គឺជាពិព័រណ៍ពាណិជ្ជកម្ម ធំជាងគេបង្អស់នៅកម្ពុជាដែលបង្ហាញពីឧបករណ៍ គ្រឿងម៉ាស៊ីន និងផលិតផលបច្ចេកវិទ្យា ថ្មីៗ បំផុតក្នុងវិស័យកសិកម្មដូចជាគ្រាប់ពូជ គ្រាប់ធញ្ញជាតិបន្លែ រុក្ខជាតិ សារធាតុគីមី និង ផលិតផលកាពាររុក្ខជាតិជាដើម ដែរមានស្ដង់ចូលរួមតាំងបង្ហាញប្រមាណ៦០ និងផលិតផល ប្រមាណ៥០០ម៉ាក៕

 

ដោយ ម៉ៅ ចរិយា