ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រៀមរៀបចំផែនការពិធីបុណ្យឆ្លងឆ្នាំសកល និងបុណ្យជាតិខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧មករា

AKP ព្រះសីហនុ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ — រសៀលថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំស្ដីពីការរៀបចំផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ និងសោភណ ភាពក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល និងទិវាបុណ្យជ័យជម្នះ ៧មករា។

ឯកឧត្តម យន្ត មីន បានមានប្រសាសន៍ថា ក្រុមការងារត្រូវត្រៀមរៀបចំសណ្តាប់ ធ្នាប់ អនាម័យ បរិស្ថាន និងតុបតែងលម្អភ្លើងពណ៌នៅតាមទីធ្លាសាធារណៈឱ្យបានស្អាតជា បណ្តើរៗចាប់ពីពេលនេះតទៅ។

ឯកឧត្តមបន្តថា ទាក់ទងនឹងពិធីបុណ្យជាតិនេះ រដ្ឋបាលខេត្តព្រះសីហនុគ្រោងរៀបចំ ពិធីបុណ្យជាតិសំខាន់ចំនួនពីរគឺទី១. ត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល ២០១៨-២០១៩ ដែលគ្រោងធ្វើនៅទីតាំងឆ្នេឯកករាជ្យ ក្រុងព្រះសីហនុ និងទី២. ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៤០ នៃទិវាជ័យជម្នះ ៧មករា ដែលគ្រោងរៀបចំនៅវេទិកាបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដូច្នេះគ្រប់ភូមិ ឃុំ សង្កាត់ត្រូវត្រៀមរៀបចំបំផុស ចលនាប្រជាពលរដ្ឋកែលម្អសោភណភាពនៅតាមលំនៅឋាន ទីធ្លាសាធារណៈដោយដាក់ភ្លើង ពណ៌នឹងរៀបចំអនាម័យ បរិស្ថានឱ្យកាន់តែល្អប្រសើរ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តខេត្តព្រះសីហនុកាន់តែ ច្រើនបន្ថែមទៀត ខណៈដែលខេត្ត ព្រះសីហនុកំពុងមានការអភិវឌ្ឍយ៉ាងគំហុក មានដូចជា អគារពាណិជ្ជកម្ម ខុនដូ និងសណ្ឋាគារកំពុងត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់នា រយៈពេល ២ឆ្នាំចុងក្រោយនេះ។

ឯកឧត្តមអភិបាលខេត្តសង្ឃឹមថា ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខ យើងនឹងរៀបចំព្រឹត្តិការណ៍ផ្សេងៗឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវ ទេសចរ ជាតិ អន្តរជាតិមកលេងកម្សាន្តខេត្តព្រះសីហនុឱ្យកាន់តែកើនច្រើនឡើងជាក់ជាមិនខាន៕

ដោយ ងូ សុមុនី