ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា រាជរដ្ឋាភិបាលមិនទាន់សម្រេចឱ្យបង្កើតខេត្តថ្មីនៅឡើយនោះទេ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ — មន្រ្តីជាន់ខ្ពស់អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃបានអះអាងថា រាជរដ្ឋាភិបា លកម្ពុជាមិនទាន់សម្រេចជាផ្លូវការឱ្យបង្កើតខេត្តថ្មីនៅឡើយនោះទេ។ ដោយគ្រាន់តែ អនុញ្ញាតឱ្យធ្វើការសិក្សាពីលទ្ធភាពថាតើចាំបាច់ត្រូវបង្កើតខេត្តទាំងពីរនឹងឬក៏យ៉ាងណា។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី០៤ ខែកញ្ញា ដែលត្រូវបានយក មកចុះផ្សាយលើគេហទំព័របស់ក្រសួងមហាផ្ទៃ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គ នាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃពិតជាបាន ស្នើសុំ គោលការណ៍ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីសិក្សាលទ្ធភាពរៀបចំបង្កើត ខេត្តថ្មីចំនួនពីរ ហើយសម្តេចបានយល់ព្រមអនុញ្ញាតឱ្យធ្វើការសិក្សាលទ្ធភាព ក្នុងការរៀបចំបង្កើត ខេត្តថ្មីពីរនេះ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមិនទាន់ឈានដល់ការអនុញ្ញាតឱ្យ បង្កើត ខេត្តទាំងពីរនៅឡើយទេ ដោយគ្រាន់តែអនុញ្ញាតឱ្យធ្វើការសិក្សាពីលទ្ធភាពថា តើចាំបាច់ត្រូវ បង្កើតខេត្តទាំងពីរនឹង ឬក៏យ៉ាងណា? មានន័យថា ក្រសួងមហាផ្ទៃត្រូវធ្វើការ សិក្សាអំពី ស្ថានភាពជាក់ស្តែង ទាំងលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ និងសក្តានុពលក្នុង ការអភិវឌ្ឍផងដែរ។
ឯកឧត្តមបានពន្យល់ថា បន្ទាប់ពីការសិក្សានេះបានបញ្ចប់ ក្រសួងមហាផ្ទៃត្រូវរៀបចំ របាយការណ៍ជាក់លាក់អំពីតម្រូវការក្នុងការបង្កើត ឬក៏មិនបង្កើតខេត្តទាំងពីរខាងលើនេះ ដើម្បីគោរពជូនសម្តេចតេជោនាយករដ្ឋមន្រ្តីពិនិត្យសម្រេច។ ឯកឧត្តមបន្តថា រហូតមកដល់ ពេលនេះ ក្រសួងកំពុងតែរៀបចំនូវសមាសភាពក្រុមការងារអន្តរ ក្រសួងដើម្បីធ្វើការសិក្សា ជាក់ស្តែងទៅលើទីតាំងភូមិសាស្ត្រនៅនឹងកន្លែង រួមទាំងធ្វើការវាយតម្លៃលើអត្ថប្រយោជន៍ និងផលប៉ះពាល់។

ឯកឧត្តម ប្រាក់ សំអឿន បន្តថា ការសម្រេចយកខេត្តកណ្តាល ដើម្បីបំបែកចេញជា ខេត្តមួយទៀតនោះគឺដោយសារតែខេត្តមួយនេះ គឺមានភូមិសាស្ត្រមួយដែលនៅព័ទ្ធជុំវិញ រាជធានីភ្នំពេញ ហើយទីតាំងសាលាខេត្តកណ្តាលស្ថិតនៅផ្នែកខាងត្បូង ហើយមួយចំហៀង ទៀតនៅផ្នែកខាងជើង ខាងកើត និងខាងលិច ឧទាហរណ៍ ដូចនៅស្រុកពញាឮ ឬក៏ស្រុក ល្វាឯម បើប្រជាពលរដ្ឋមកទទួលសេវានៅសាលាខេត្តកណ្តាល ត្រូវធ្វើដំណើរ ផ្លូវឆ្ងាយ និងចំណាយពេលយូរ ដែលកត្តានេះគឺជាផ្នែកមួយដែលយើងពិនិត្យ ពិចារណាទៅលើ ភូមិសាស្រ្តខេត្តកណ្តាល។ ដោយឡែកចំពោះការបង្កើតខេត្តថ្មីមួយទៀត ដែលនៅចន្លោះ ពីស្រុកកោះញែក នៃខេត្តមណ្ឌលគិរី និងស្រុកលំផាត់ នៃខេត្តរតនគិរីនោះត្រូវបានឯកឧត្តម ប្រាក់ សំអឿន ពន្យល់ថា ខេត្ត មណ្ឌលគិរីមានប្រជាជនតិច ប៉ុន្តែមានផ្ទៃដីធំ។

ជាក់ស្តែងប្រៀបធៀប ខេត្តមណ្ឌលគិរី ជាមួយខេត្តកណ្តាល គឺវាខុសគ្នា ដោយខេត្តមណ្ឌលគិរីមានប្រជាជនជាង ២០ម៉ឺននាក់។ ខេត្តកណ្តាល មានប្រជាជនជិត ១លាននាក់។ ប៉ុន្តែបើយើងក្រឡេក មើលផ្ទៃដីវិញ គឺខេត្តមណ្ឌលគិរីមានផ្ទៃដីធំណាស់ បើប្រៀបធៀបនឹងខេត្តនៅភូមិភាគ កណ្តាល ដូចជាខេត្តកណ្តាល ភ្នំពេញជាដើម។ ឧទាហរណ៍ ចម្ងាយពីស្រុកកោះញែក មកខេត្តមណ្ឌលគិរី គឺប្រវែងជាង ១០០គីឡូម៉ែត្រ បើសិនជាប្រជាពលរដ្ឋមកសុំសេវា គឺគាត់ត្រូវចំណាយពេលប្រហែលជាពីរម៉ោង ហេតុនេះហើយយើងមានបំណង បង្ខិតសេវារដ្ឋបាលឱ្យនៅជិតនឹងប្រជាពលរដ្ឋ ដោយសារទីតាំងរដ្ឋបាលខេត្តវានៅឆ្ងាយ។

ឯកឧត្តមបន្តទៀតថា មួយផ្នែកទៀតដែលយើងគិតថា ខេត្តមណ្ឌលគិរីជាខេត្តមួយ ជាប់ព្រំដែន ហើយស្របទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍ នៅតាមតំបន់ព្រំដែន ក៏ដូចជាការជួយការពារអធិបតេយ្យភាព បូរណភាពទឹកដីនៅតាមតំបន់ ព្រំដែន រួមទាំងជំរុញឱ្យមានការអភិវឌ្ឍផងដែរ។

បើតាមក្រសួងមហាផ្ទៃ ការស្នើសុំគោលការណ៍ដើម្បីបង្កើតខេត្តពីរបន្ថែមទៀតនេះ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៅក្នុងការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការជំរុញការអភិវឌ្ឍ ជាពិសេសគឺបង្ខិតការផ្តល់សេវារដ្ឋបាលឱ្យទៅកៀក ជិតនឹងប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការមកទទួល និងស្នើសុំសេវា នៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយចំណាយ និងពេលវេលាក្នុងការ ធ្វើដំណើររបស់ពួកគាត់៕

ដោយ ចាន់ សុធីវង្ស