ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឧបករណ៍ដាំគ្រាប់ស្រូវរបស់កម្ពុជា ទទួលបានពានរង្វាន់កំពូលរបស់សហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី០៥ខែកញ្ញា ឆ្នាំ២០១៨ — សហគ្រាសសង្គម កសិកម្មឈ្លាសវៃនៅក្នុងប្រទេសកម្ពុជា បានទទួលពានរង្វាន់កំពូលរបស់ រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលមានឈ្មោះថា ប៉ាតង់សម្រាប់មនុស្សជាតិ (Patents for Humanity) សម្រាប់ឧបករណ៍ដាំគ្រាប់ស្រូវឈ្មោះ អ៊ីឡាយ ដែលអ៊ីឡាយនេះ គឺជាឧបករណ៍ ដាំគ្រាប់ស្រូវ ក្នុងការជួយដល់កសិករកាត់បន្ថយគ្រាប់ពូជ ជួយបង្កើនទិន្នផល និងកាត់បន្ថយ កម្លាំងពលកម្ម។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហគ្រាសសង្គម កសិកម្មឈ្លាសវៃ នៅប្រទេសកម្ពុជា។ ក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ពានរង្វាន់កិត្តិយសកំពូលរបស់ការិយាល័យប៉ាតង់ (ប្រកាសនីយបត្រតក្កកម្ម) និងស្លាកសញ្ញារបស់សហរដ្ឋអាមេរិកដែលពានរង្វាន់នេះ នឹងត្រូវ ផ្តល់ជូនអ្នកកែច្នៃណាដែលបានប្រើប្រាស់ បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតក្នុងការដោះ ស្រាយបញ្ហាប្រឈមនានារបស់មនុស្សជាតិ។

ទន្ទឹមនេះ កសិកម្មឈ្លាសវៃ រួមជាមួយនឹង បេក្ខភាពចំនួនប្រាំបីផ្សេងទៀត (ដែលត្រូវបានជ្រើសចេញពីស្ថាប័នធំៗចំនួន៦៩ មកពីជុំវិញ ពិភពលោក) នឹងត្រូវទៅទទួលរង្វាន់នេះនៅសហរដ្ឋអាមេរិកក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។ សម្រាប់ឧបករណ៍ដាំគ្រាប់ស្រូវ អ៊ីឡាយនេះ ត្រូវបានភ្ជាប់ជាមួយនឹងគោយន្ត ដៃនៅពេលដាំ ហើយឧបករណ៍នេះ ប្រើកម្លាំងខ្យល់ដោយរុញគ្រាប់ពូជស្រូវចូល ទៅក្នុងដី ស្រែដែលមានទឹក។

អ៊ីឡាយ ជួយកសិករក្នុងការកាត់បន្ថយគ្រាប់ពូជស្រូវ ដោយប្រើក្នុង ចន្លោះពី៣០ ទៅ១០០គីឡូក្រាមតែប៉ុណ្ណោះក្នុងមួយហិកតា ខណៈតាមទម្លាប់កសិករប្រើគ្រាប់ ពូជស្រូវពី ២០០ ទៅ៣៥០គីឡូក្រាមក្នុងមួយហិកតា។ លើសពីនេះទៀត ឧបករណ៍អ៊ីឡាយ ក៏អាចជួយបង្កើនទិន្នផលរហូតដល់២០ភាគរយ ហើយឧបករណ៍នេះក៏អាចជួយកាត់ បន្ថយ ការចំណាយលើជី និងថ្នាំកសិកម្មផងដែរ។ តាមរយៈការច្នៃប្រឌិតសម្រាប់ដំណាំស្រូវដាំ ដោយប្រើឧបករណ៍អ៊ីឡាយដុះចេញជាជួរ អាចស្រូបយកពន្លឺព្រះអាទិត្យបានច្រើន និងមាន ខ្យល់ចេញចូលបានល្អ ដែលអាចជួយក្នុងការកាត់បន្ថយបញ្ហាជំងឺ និងកត្តាចង្រៃផ្សេងៗ បានផងដែរ។

ក្រៅពីនេះ អ៊ីឡាយក៏ជួយដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មក្នុងការងារ កសិកម្ម ដោយប្រើពេលតែ៤៥នាទីប៉ុណ្ណោះក្នុងផ្ទៃដីស្រែមួយហិកតា រីឯការព្រួសដោយដៃ កសិករប្រើពេលប្រហែលពីរម៉ោង និងចំណាយពេលរាប់សប្តាហ៍បើស្ទូងដោយដៃ។

លោក សាន ប៊ុននីកា នាយកគ្រប់គ្រងកសិកម្មឈ្លាសវៃ ដែលបានស្រាវជ្រាវ និងដឹកនាំក្រុមការងារផលិតឧបករណ៍អ៊ីឡាយ បានលើកឡើងថា «ខ្ញុំពិតជាសប្បាយចិត្ត ណាស់ ពេលបានដឹងថាឧបករណ៍អ៊ីឡាយនេះទទួលបានពានរង្វាន់ប្រកបដោយ កិត្យានុភាព នេះ ហើយពេលខ្លះខ្ញុំសឹងតែមិនជឿថាការទទួលពានរង្វាន់នេះវាជារឿងពិត»។ លោកបាន បញ្ជាក់ថា ការស្វែងរកកម្លាំងពលកម្មក្នុងការងារកសិកម្ម គឺជាការលំបាកមួយ រួមជាមួយនឹង តម្លៃឈ្នួលកាន់តែថ្លៃឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបានបន្ថែមទៀតថា “នេះជាភស្តុ តាងមួយបង្ហាញថា យើងជាខ្មែរក៏អាចធ្វើអ្វីៗបានដែរ ឱ្យតែមានឱកាស និងធនធាន។ ដូច្នេះ ពានរង្វាន់នេះ គឺជាសមិទ្ធផលមួយរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។” ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកម្ម កសិកម្មកម្ពុជា ហៅកាត់ថា កាវ៉ាក់ (CAVAC) បាននិងកំពុងជួយដល់កសិកម្ម ឈ្លាសវៃដើម្បី ផលិត និងផ្សព្វផ្សាយឧបករណ៍អ៊ីឡាយនេះ។ នេះគឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែង ដ៏ធំធេង របស់រដ្ឋាភិបាលអូស្រ្តាលី ដើម្បីជួយវិស័យកសិកម្មប្រកបដោយ ភាពច្នៃប្រឌិត ផលិតភាព និងភាពធន់នឹងអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ វិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវ អន្តរជាតិ ដែលហៅកាត់ថា អ៊ីរី (IRRI) នៅប្រទេសហ្វីលីពីន ក៏បាននិងកំពុងធ្វើការសាកល្បង និងបង្ហាញពីឧបករណ៍អ៊ីឡាយ នៅក្នុងកន្លែងប្រមូលផ្តុំបច្ចេកវិទ្យារបស់ខ្លួននៅក្នុងប្រទេសហ្វីលីពីន។ អ៊ីរី សង្ឃឹមថា ឧបករណ៍អ៊ីឡាយនេះ នឹងទទួលបានការចាប់អារម្មណ៍នៅក្នុងចំណោមបណ្តាប្រទេស នៅអាស៊ី និងបណ្តាប្រទេសផ្សេងៗទៀត។

សូមបញ្ជាក់ថា សហគ្រាសសង្គម កសិកម្មឈ្លាសវៃ ជាផ្នែកមួយរបស់ Brooklyn Bridge to Cambodia (BB2C) ប្តេជ្ញាស្វែងរកនូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត សម្រាប់ជួយដល់កសិករនៅក្នុងប្រទេសកម្ពុជា។ កសិកម្មឈ្លាសវៃលក់ឧបករណ៍កសិកម្ម ផ្សេងៗទៀត ដែលត្រូវបានរៀបចំ រចនា និងផលិតនៅក្នុងប្រទេសកម្ពុជា រួមមាន ស្នប់បូមទឹក ប្រព័ន្ធស្រោចស្រព និងឧបករណ៍ដាំគ្រាប់ស្រូវជាដើម៕

ដោយ គង់ សិរីរ័ត្ន