ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈអបអរសាទររដ្ឋសភាថ្មីនីតិកាលទី៦ដែលអាចជួយដោះស្រាយ ទុក្ខកង្វល់របស់ប្រជាពលរដ្ឋបានកាន់តែច្រើន

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ហុក សុខរិន រូបថត លោក ចន ណារិទ្ធ៖

ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈបានសម្តែងការអបអរសាទរថ្ងៃបើកសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៦ ដែលរំពឹងថានឹងជួយដោះស្រាយទុក្ខកង្វល់បានកាន់តែច្រើនជំរុញអោយប្រជាពលរដ្ឋបានរស់នៅដោយសុខក្សេមក្សាន្ត។

ប្រជាពលរដ្ឋកម្ពុជាបានស្នើអោយរដ្ឋសភាថ្មីនីតិកាលទី៦នេះត្រូវបង្កើនការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋអោយបានកាន់ច្រើនបន្ថែមទៀតតាមរយៈការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ការអប់រំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការពារធនធានធម្មជាតិ និងការដោះស្រាយទំនាស់បញ្ហាដីធ្លីជាដើម។

លោកសូ ដាណិត ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញបានបញ្ជាក់ថា ប្រជាពលរដ្ឋ មានភាពជឿជាក់លើការដឹកនាំរបស់រដ្ឋសភានីតិកាលទី៦និងរាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់សម្តេច ហ៊ុនសែន នៅអណត្តថ្មីនេះ នឹង ធ្វើអោយប្រទេសកម្ពុជាកាន់តែមានការអភិវឌ្ឍ និងរីកចំរើនទៅមុខទៀត។ លោកបញ្ជាក់ថា រដ្ឋសភា ដែលទើបតែបង្កើតឡើងនេះ គឺស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋបន្ទាប់ពីបានចូលរួមបោះ ឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅនេះ។

ចំណែកយុវជនមាស សុហេង ជានិស្សិតនៃសាកលវិទ្យាល័យបៀប្រាយក៏បានអៈអាងដែរថា រដ្ឋសភាថ្មីនេះនឹងធ្វើឲ្យប្រទេសជាតិកាន់តែមានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅសំបូរ សប្បាយ។យ៉ាងណាក៏ដោយយុវជនរូបនេះបានសំណូមពរដល់តំណាងរាស្រ្តនីតិកាលថ្មីនៃរដ្ឋសភាត្រូវតែបង្កើនការ ចុះតាមដានសួរសុខទុក្ខនិងដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលារួមទំាងការបង្កើនគុណភាពអប់រំជាចម្បង ដើម្បីជំរុញការ អភិវឌ្ឍប្រទេសកម្ពុជាអោយកាន់តែរីកចំរើនបន្ថែមទៅមុខទៀត។

សូមបញ្ជាក់ថា ក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៦នៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះ បានប្រព្រឹត្តិទៅយ៉ាងមហោឡារឹកក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយព្រះអង្គបានមានព្រះរាជឱង្កាជំរុញដល់រដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មីត្រូវខិតខំ បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ស្របតាមឆន្ទៈនិងការទុកចិត្តរបស់ប្រជាជននៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៩ខែកក្កដាកន្លងមកនេះ។