ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម វ៉ា ថន អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាអក្ខរកម្មជាតិ ៨កញ្ញា នៅអនុវិទ្យាល័យស្វាយជ្រះ ស្រុកស្នួល

AKP ក្រចេះ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨​ — ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុង ពិធីប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ក្រោមប្រធានបទ “អក្ខរកម្មឆ្ពោះទៅរកការសិក្សា ពេញមួយជីវិត” ដែលរៀបចំធ្វើឡើង នៅក្នុងបរិវេណអនុវិទ្យា ល័យស្វាយជ្រះ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ កាលពីព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០១៨។

អញ្ជើញចូលរួមក្នុងពិធីនោះដែរមាន លោក លោកស្រីជាអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ឃុំ សិស្សានុសិស្ស និងប្រជាពលរដ្ឋដ៏ច្រើនផងដែរ។
លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានឱ្យដឹងថា ដោយ អនុវត្តន៍តាមផែនការយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងអនុវត្តន៍តាម ផែនការយុទ្ធសាស្ត្រ របស់ក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំយុជននិងកីឡាខេត្ត ក្រចេះសម្រេចបាន លទ្ធផលលើគ្រប់ផ្នែកជា ច្រើនគួរជាទីមោទនៈ ក្នុងនោះការងារអប់រំក្រៅប្រព័ន្ធ ដែលមានអនក្ខរជនអាយុចាប់ពីអាយុ ១៥ឆ្នាំ ដល់៤៥ឆ្នាំ សរុប១៦.៣៣១នាក់ ស្រី ៨.២៨១ នាក់ ក្នុងចំណោមប្រជាជនទូទាំងខេត្តសរុប ៤០៥.៦៧៦នាក់។

លោកប្រធានមន្ទីរបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងផែនការកាត់បន្ថយអនក្ខរភាព របស់ក្រសួងអប់រំ យុវជន និង កីឡា ក៏ដូចជារបស់មន្ទីរ និងជាការឆ្លើយតបទៅ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ស្ដីពីការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន មន្ទីរអប់រំយុវជននិង កីឡាខេត្តក្រចេះ បានកំពុងអនុវត្តន៍នូវកម្មវិធីដូចជា កម្មវិធីអក្ខរកម្មវិជ្ជាជីវៈ មានចំនួន ២០ថ្នាក់ មានគ្រូចំនួន២០នាក់ សិស្សអនក្ខរកម្មចំនួន ៤៣១នាក់ ស្រី ២៩២នាក់ កម្មវិធីបង្កើនប្រាក់ចំណូល មានមជ្ឈមណ្ឌលសិក្សាសហគមន៍ ចំនួន១០កន្លែង កម្មវិធីចូលរៀនឡើងវិញមានថ្នាក់រៀនចំនួន ១៥ថ្នាក់ កម្មវិធីសមមូល បឋមសិក្សា មានថ្នាក់រៀនចំនួន ៧ថ្នាក់ និង សាលាជីវភាសាចំនួន ២០សាលា។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯក ឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត ក្រចេះបានលើកឡើងថា ដោយសារប្រទេស ជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយ ធ្វើឱ្យសង្គមជាតិយើងមានការអភិវឌ្ឍន៍កាន់តែរីកចម្រើនឆ្ពោះទៅមុខ ស្មើមុខ ស្មើមាត់ទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ការប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញានេះ គឺជាចក្ខុ វិស័យក្នុងការអភិវឌ្ឍន៍ជាតិ ធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូបមាន ឱកាសក្នុងការសិក្សា ស្រូបយកចំណេះដឹងពេញមួយជីវិត ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច បុគ្គល គ្រួសារ និង សង្គម និងដើម្បីផ្សារភ្ជាប់ការងារអក្ខរកម្មទៅនិងការសិក្សាពេញមួយជីវិត ពិសេសការឈាន ទៅសម្រេចគោលដៅប្រែក្លាយពលករដែលប្រើប្រាសកម្លាំងពលកម្មសុទ្ធទៅជាការប្រើ ប្រាស់ជំនាញស្របតាមយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី របស់កម្ពុជា។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តក៏បានផ្តល់ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នូវសម្ភារសិក្សាមួយចំនួនផងដែរ៕

ដោយ ជួន សុជាតិ