ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ច្រាំងកសិន្ធុអង្គរវត្តជ្រុងខាងលិច ស្លាបខាងជើងប្រវែង៤០ម៉ែត្រ ត្រូវបានបញ្ចប់ការជួសជុលជាស្ថាពរ

AKP សៀមរាប ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ — ច្រាំងកសិន្ធុអង្គរវត្តជ្រុងខាងលិច ស្លាបខាងជើងប្រវែង៤០ម៉ែត្រ ត្រូវបានបញ្ចប់ការ ជួសជុលជាស្ថាពរហើយ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា​ ហើយបាន និងកំពុងបន្តជួស ជុលបន្ថែមប្រវែង២០ម៉ែត្រទៀតនៅក្នុងឆ្នាំ២០១៨នេះ។


នេះបើតាមការឱ្យដឹង ពីសំណាក់ លោកស្រី នង បូរ៉ាវី បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បង្ការរបស់អាជ្ញាធរជាតិអប្សរា កាលពីព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ។

លោកស្រី នង បូរ៉ាវី បានឱ្យដឹងថា ច្រាំងកសិន្ធុប្រវែង៤០ម៉ែត្រដែលត្រូវបាន ជួសជុល រួចនេះ គឺបានចំណាយរយៈពេល៤ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០១៣ដល់២០១៧។ ហើយក្នុងចំណោម៤០ម៉ែត្រនេះដែរ គឺមានប្រវែង២០ម៉ែត្រដំបូងធ្លាប់បានជួសជុលម្តង ហើយដោយបារាំងនាទសវត្សរ៍ទី៦០។ ក្រោយបញ្ចប់គម្រោង៤០ម៉ែត្រនេះដោយជោគជ័យ ក្រុមការងារក៏បានបន្តគម្រោងជួសជុល២០ម៉ែត្របន្ថែមទៀតនៅឆ្នាំ២០១៨នេះ។

លោកស្រី នង បូរ៉ាវី បានបន្តឱ្យដឹងទៀតថា ចំពោះបច្ចេកទេសជួសជុល បន្ទាប់ពីកំ ណាយស្រាវជ្រាវយើងដឹងថា ចាស់បុរាណកសាងច្រាំងកសិន្ធុដោយ ដីបុកបង្ហាប់បាត គ្រឹះក្រោម ដូច្នេះដើម្បីរក្សាតម្លៃនៃបេតិកភណ្ឌវប្បធម៌ អាជ្ញាធរជាតិអប្សរាបានជ្រើសយក បច្ចេកទេសបុរាណមកអនុវត្តន៍ ដោយកាយយកដីចាស់ ដីស្អុយចេញ ហើយជំនួសដោយដីថ្មី ហើយបុកបង្ហាប់គ្រឹះក្រោមឱ្យមាំជាមួយថ្មភ្នំ ថ្មក្រលៀន ដីខ្សាច់ និងល្បាយដីដែលបានពី កម្ទេចថ្មបាយក្រៀម ដីឥដ្ឋ កំបោរស។ ហើយគ្រឹះនេះដែរយើងពង្រីកទំហំគ្រឹះចាស់ ពី៨០សង់ទីម៉ែត្រទៅ១២០សង់ទីម៉ែត្រ ជម្រៅគ្រឹះទៅក្រោមពី៣០សង់ទីម៉ែត្រទៅ ៨០សង់ទីម៉ែត្រ ធ្វើយ៉ាងណាឱ្យកាំកសិន្ធុរឹងមាំបានល្អ។

លោកស្រី នង បូរ៉ាវី បានបន្តឱ្យដឹងទៀតថា ក្រៅពីពង្រឹងគ្រឹះហើយ យើងក៏ពង្រឹងរចនាសម្ព័ន្ធច្រាំងកសិន្ធុដោយប្រើថ្មបាយក្រៀមចាស់ដែលមានស្រាប់និងថ្មបាយក្រៀមថ្មីជំនួសថ្មដែលពុកផុយមករៀបជាជណ្តើរចំនួន៨កាំ ដោយដាក់ឆ្លាស់គ្នា និងដាប់ចុះក្រោម១សង់ទីម៉ែត្រសម្រាប់ប្រទាក់គ្នាពីមួយទៅមួយក្នុងការរក្សាលំនឹងឱ្យបានល្អមិនឱ្យថ្មរអិល ហើយបិទភ្ជាប់ថ្មពីមួយទៅមួយដោយបាយអររាវ ដើម្បីការពារជម្រាប ទឹកចូលក្នុងថ្ម ធ្វើឱ្យថ្មឆាប់ពុកផុយ។ រីឯថ្មភក់ដែលរៀបនៅផ្នែកខាងលើថ្មបាយ ក្រៀមក៏រៀបទៅតាមលំនាំដើមដែរ ដោយប្រើថ្មដែលមានស្រាប់និងជំនួសថ្មីខ្លះៗ ហើយបិទភ្ជាប់ថ្មដោយបាយអរម្សៅ ដើម្បីផ្ជឹតស្នាមមិនឱ្យទឹកចូលក្នុងថ្មធ្វើឱ្យថ្មឆាប់ខូច។

លោកស្រី បូរ៉ាវី ក៏បានបញ្ជាក់ដែរពីមូលហេតុសំខាន់ៗដែលធ្វើឱ្យរចនាសម្ព័ន្ធសំណង់កសិន្ធុអង្គរវត្តផ្នែកខាងលិច ស្លាបខាងជើងរង នូវការខូចខាតយ៉ាងខ្លាំង គឺដោយសារអាយុ កាលនៃសំណង់ កង្វះការថែទាំជាប្រចាំ ការឡើងចុះនៃកម្ពស់ទឹកមិនទៀងទាត់ បានបំផ្លាញ គ្រឹះក្រោម រួមទាំងការពុកផុយនៃស្រទាប់ថ្មបាយក្រៀមខាងក្រោម ដើមឈើធំៗដុះក្បែរច្រាំង បានចាក់ឫសជ្រែកទៅក្នុងថ្ម ធ្វើឱ្យថ្មរំកិលពីទីតាំងដើម នាំឱ្យច្រាំងកសិន្ធុរលំ។

បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិរក្ស និងជួសជុលទាំងប្រាសាទនិងកសិន្ធុ ដើម្បីអភិរក្សសំណង់បុរាណដែលជានិមិត្តរូប នៃជាតិ ខ្មែរឱ្យរឹងមាំយូរអង្វែងនិងលើកតម្លៃសោភណភាពសំណង់បេតិកភណ្ឌឱ្យមានភាពស្រស់ស្អាតជាទីទាក់ទាញទេសចរ។ បន្ថែមពីនោះ ការបណ្តុះធនធានមនុស្ស ក៏ជាផ្នែកសំខាន់ដែល អាជ្ញាធរជាតិអប្សរាគិតគូរយ៉ាងខ្លាំង ដើម្បីបង្កើនស្នាដៃក្នុងនាម ជារបស់ខ្លួន ដោយមិនពឹងតែទៅលើកិច្ចសហប្រតិបត្តិការអន្តរជាតិច្រើនដូចមុន៕

ដោយ ហង្ស សៀក