ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពួកមន្រ្តីជាន់ខ្ពស់មកពីប្រទេសរុស្ស៊ី តួកគី អ៊ីរ៉ង់ ជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវ សម្រាប់កិច្ចព្រមព្រៀងសន្តិភាពថ្មីមួយ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ — បេសកជនពិសេស អ.ស.បប្រចាំនៅប្រទេសស៊ីរីបាននិយាយកាលពីថ្ងៃអង្គារថា នៅក្នុង​កិច្ចខិតខំប្រឹងប្រែងថ្មីមួយដែលបានដឹកនាំ អ.ស.ប ក្នុងដំណើរការឆ្ពោះទៅរកការបញ្ចប់​ជម្លោះ​ស៊ីរីនោះ ដែលរួមមានពួកបន្រ្តីជាន់ខ្ពស់មកពីប្រទេសរុស្ស៊ី តួកគី និងអ៊ីរ៉ង់ ​នឹងជួបប្រជុំគ្នានៅ​ទីក្រុងហ្សឺណែវនាសប្តាហ៍ក្រោយនេះ សម្រាប់កិច្ចពិគ្រោះយោបល់ពីស្ថាប័ននានាដែល​ជាប់​ពាក់ព័ន្ធ។

បេសកជន អ.ស.ប លោក ស្តេហ្វាន ដឺម៉ីស្ទូរ៉ា​ បាននិយាយនៅឯសន្និសីទសារព័ត៌មាន​មួយ​នៅទីក្រុងហ្ស៊ឺណែវថា លោកនឹងធ្វើកិច្ចចរចាជាធម្មតាមួយ​ជាមួយពួកតំណាងមកពីប្រទេសទាំងបី ស្តីអំពីការបង្កើតគណៈកម្មាធិការដំណោះស្រាយមួយដែលមានឈ្មោះថា « ដឹកនាំដោយពលរដ្ឋស៊ីរី និង ពលរដ្ឋស៊ីរីធ្វើជាម្ចាស់ផ្ទាល់ខ្លួន »។

លោកបានអធិប្បាយ​ពីកិច្ចខិតខំប្រឹងប្រែង​នេះថា ជាការបើកផ្លូវមួយសម្រាប់ដំណើរការ​សន្តិភាព​ជាក់ស្តែងមួយ​នៅក្នុងប្រទេសស៊ីរី ស្របទៅនឹងដំណោះស្រាយក្រុមប្រឹក្សា​សន្តិសុខ ​អ.ស.ប លេខ២២៥៤ ដែលជាផែនទីបង្ហាញផ្លូវដ៏រឹងមាំមួយ​ដែលរួមបញ្ចូលនូវបញ្ហាជាច្រើន​ទៀត។

លោក ដឺម៉ីស្ទូរ៉ា​ បាននិយាយថា ការសម្រេចចិត្តរបស់លោកជាមួយពួកមន្រ្តីជាន់ខ្ពស់​រុស្ស៊ី តួកគី និងអ៊ីរ៉ង់នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១០ និងទី១១ ខែកញ្ញាខាងមុខនេះ សម្រាប់​ជាដំណើរការថ្មី​មួយ ដែលលោកបាននិយាយថា វាគឺជាផែនទីបង្ហាញផ្លូវដ៏ល្អមួយនេះបើតាម​យើង​​អាចមើលឃើញ។

កិច្ចចរចាទាំងនោះ នឹងត្រូវបានគេធ្វើឡើងជាបន្តបន្ទាប់ទៀត នាថ្ងៃទី១៤ ខែកញ្ញា ដោយ​មានជំនួបបន្ថែមទៀតជាមួយគណៈប្រតិភូជាន់ខ្ពស់ មកពី៧ប្រទេសផ្សេងទៀត មាន​ដូច​ជា៖ ប្រទេសអេហ្ស៊ីប បារាំង អាល្លឺម៉ង់ ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត​ អង់គ្លេស និងអាមេរិក ដោយមានប្រធានបទសំខាន់មួយចំនួន ស្តីពីរបៀបជួយដល់ភាគីស៊ីរី ក្នុងការរៀបចំការងារ​សម្រាប់គណៈកម្មាធិការដំណោះស្រាយនេះ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )