ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានាធិបតីកូរ៉េខាងត្បូងកោះប្រជុំសន្តិសុខ មុនបេសកជនពិសេសធ្វើទស្សនកិច្ចកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ — តាមវិមានខៀវប្រធានាធិបតីឱ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចា- អ៊ីន ( Moon Jae –in ) បានកោះធ្វើកិច្ចប្រជុំមួយ ស្តីពីសន្តិសុខ និងកិច្ចការបរទេសកាលពីថ្ងៃអង្គារ មួយថ្ងៃនៅមុនទស្សនកិច្ចទៅកាន់កូរ៉េខាងជើងធ្វើឡើងដោយបេសកជនពិសេសរបស់លោកនោះ ។

ចូលរួមក្នុងកិច្ចប្រជុំនោះ គឺគណៈប្រតិភូពិសេសមានសមាជិក៥រូបរបស់លោក មូន ដែលដឹកនាំដោយលោក ជុង អឺយ- យ៉ុង( Chung Eui –Yong )ទីប្រឹក្សាសន្តិសុខជាតិកំពូលនឹងជាប្រធានការិយាល័យសន្តិសុខជាតិរបស់វិមានខៀវ ។ ប្រតិភូ៤រូបទៀត គឺលោក ស៊ូ ហ៊ុន ( Suh Hoon ) ប្រធានភ្នាក់ងារចារកម្មជាតិ ( NIS ) , ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេស , អនុប្រធាន NIS លោក គីម សាង – យុន ( Kim Sang –Gyun ) , អនុរដ្ឋ មន្ត្រីបង្រួបបង្រួមលោក ជុន ហេ – ស៊ុង ( Chung Hae –Sung ) និងលោក យុន គុន -យុង ( Yun Kun –Young ) មន្ត្រីវិមានខៀវ ។

នាយសេនាធិការ ប្រធានាធិបតី និងរដ្ឋមន្ត្រីការពារប្រទេស , កិច្ចការបរទេសនិងបង្រួបបង្រួមគ្នា ក៏បានចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ ។ បេសកជនពិសេសរបស់លោក មូន បានគ្រោងធ្វើដំណើរតាមផ្លូវអាកាសមួយនៅពីលើព្រំដែន សមុទ្រអន្តរកូរ៉េភាគខាងលិចទៅកាន់ក្រុងព្យុងយ៉ាង នៅថ្ងៃពុធ ហើយនឹងត្រឡប់មកប្រទេសវិញនៅថ្ងៃដដែល ។ គេរំពឹងថា បេសកជនពិសេសនេះ នឹងកំណត់កាលបរិចេ្ឆទមួយសម្រាប់កិច្ចប្រជុំកំពូលលើកទីបី រវាងលោក មូន និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុង អ៊ុន ( ​Kim Jong Un ) ដែលកូរ៉េទាំងពីរបានព្រមព្រៀងគ្នាធ្វើនៅក្រុងព្យុងយ៉ាងនៅមុនដំណាច់ខែកញ្ញានោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )