ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងរៀបចំដាក់ចម្ការព្រៃមេពូជឈើគ្រញូងដ៏ធំនៅកម្ពុជា

AKP សៀមរាប ថ្ងៃទី០៥ ខែកញ្ញា ឆ្នំា២០១៨ –រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងរៀបចំដាក់ចម្ការព្រៃមេពូជឈើគ្រញូងដ៏ធំនៅកម្ពុជា ដែលមានទីតាំងនៅខេត្តសៀមរាប ជាតំបន់ទេសចរណ៍លំហែកាយធម្មជាតិ ខណៈដែល​តំបន់នេះមាន​សក្កានុពលទេសចរណ៍ដ៏សម្បូបែប មាន​សត្វព្រៃ ដើមឈើគ្រញូងធំៗ និង​ផ្កាព្រៃជាច្រើនប្រភេទ ហើយគម្រោងនេះ និងរៀបចំឡើងដោយក្រសួងកសិកម្ម សហការជាមួយក្រសួងទេសចរណ៍ ដែលមាន​ជំនួយឧបត្ថម្ភពីប្រទេសកូរ៉េ។

លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ និងជាអ្នកទទួលខុសត្រូវការពារតំបន់ចម្ការព្រៃមេពូជឈើគ្រញូងបានឱ្យដឹងនៅរសៀលថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នំា២០១៨ថា រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងដាក់ចម្ការព្រៃមេពូជឈើគ្រញូងដែលមានទំហំ .៨៨៨ហិកតា នៅភូមិខ្នាររង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាតំបន់ទេសចរណ៍លំហែរកាយធម្មជាតិដោយសាររាជរដ្ឋាភិបាលមើលឃើញថា ​តំបន់នេះមាន​សក្កានុពលទេសចរណ៍ដ៏សម្បូបែបមាន​សត្វព្រៃ ដើមឈើគ្រញូងធំៗ និង​ផ្កាព្រៃជាច្រើនប្រភេទ មានភាពបៃតងស្រស់ស្អាតខ្យលបរិសុទ្ធ ហើយគម្រោងនេះ នឹងរៀបចំឡើងដោយក្រសួងកសិកម្ម និងក្រសួងទេសចរណ៍ ដែលមាន​ជំនួយឧបត្ថម្ភពីប្រទេសកូរ៉េ។

លោក សេង លន បានបញ្ជាក់ថា អ្វីដែល​ធ្វើ​ឱ្យភ្ញៀវទេសចរមកដល់តំបន់នេះកាន់តែមាន​ការពេញចិត្តនោះ គឺភ្ញៀវទេសចរអាចមើលឃើញសត្វព្រៃដោយផ្ទាល់ ឬអាចមើលតាមកាមេរ៉ា ដែលបានបំពាក់នៅតាមគោលដៅដែលកន្លែងសត្វរស់នៅ។ ក្រៅពីនេះភ្ញៀវទេសចរបានដាំកូនឈើនៅក្នុងសួនអនុស្សាវរីយ៍ ដោយខាងមន្រ្តីរដ្ឋបាលព្រៃឈើ និង​សសេរឈ្មោះដាក់នៅតាមដើមឈើដែលខ្លួនបានដាំ និងមានការថែរក្សាយ៉ាងដិតដល់ ការជិះកង់ទស្សនាផ្កាព្រៃជាច្រើនប្រភេទ ដែលភ្ញៀវទេសចរបរទេសមិនទាន់ដែលធ្លាប់ឃើញ។ បច្ចុប្បន្ននេះក្រុមអ្នកជំនាញជនជាតិបារំាង និងកូរ៉េ​បាននិង​កំពុងចុះធ្វើផែនទីការពារ និងផែនទីសម្រាប់វង្សទស្សនារបស់ភ្ញៀវទេសចរផងដែរ។

លោកបានបន្តថា ក្រៅពីមេពូជឈើគ្រញូង និងឈើប្រណិតដែលមានស្រាប់នៅក្នុងចម្ការព្រៃមេពូជឈើគ្រញូង មន្រ្តីរដ្ឋបាលព្រៃឈើក៏បានរៀបចំផ្ទៃដីក្នុងជំហានដំបូងចំនួន៥ហិកតា សម្រាប់ឱ្យភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋដែលចង់ចូលរួមការពារព្រៃឈើមកដាំផងដែរ។ឥឡូវនេះកូនឈើគ្រញូង និងឈើប្រណិតមួយចំនួនដែលភ្ញៀវទេសចរ ថ្នាក់ដឹកនំា និងប្រជាពលរដ្ឋបានដាំនៅក្នុងចម្ការពូជចំនួន ៥ហិកតា និងចម្ការរុក្ខទិវាប្រមាណជា ៤០ហិកតា និងមានកូនឈើគ្រញូងរាប់ពាន់ដើមកន្លងមកនោះបានធំស្អាតហើយ ដែលអាចឱ្យភ្ញៀវទេសចរមកទស្សនាប្រទេសឈើប្រណិតៗនេះបាន។ ព្រោះថាប្រភេទឈើប្រណិតៗបែបនេះនៅតំបន់ផ្សេងមិនសូវមាន​ច្រើនដូចនៅទីនេះទេ។

លោក សេង លន សង្ឃឹមថា ការប្រែក្លាយតំបន់នេះជាកន្លែងទេសចរណ៍ ជាផ្នែកមួយនៃការចូលរួមការពារដើមឈើគ្រញូង ដែលជាប្រភេទឈើដ៏កម្រនៅក្នុងប្រទេសកម្ពុជា និងទទួលប្រជាយោជន៍ពីវាវិញតាមរយៈវិស័យទេសចរណ៍។ ជាមួយគ្នានេះលោកក៏បាន​អំពាវនាវ​ឱ្យភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​មក​ទស្សនាតំបន់នេះ​ឱ្យបាន​ច្រើន ព្រោះថា អ្នកមកកាន់តំបន់ទេសចរណ៍នេះ ក៏អាចបន្តទៅកាន់តំបន់ទេសចរណ៍ផ្សេងៗនៅជិតគ្នាបានផងដែរ ដូចជា រមណីដ្ឋានទេសចរណ៍ក្បាលស្ពាន, បា្រសាទបន្ទាយស្រី, ភ្នំគូល, និងសហគមន៍ទេស ចរណ៍ជាច្រើនទៀតនៅក្នុងស្រុកបន្ទាយស្រី

ដោយ ឃុត សៅ