ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលផ្តល់អាហារូបករណ៍ចំនួន៤០០នាក់ដល់និសិ្សតកម្ពុជាទៅបន្តការសិក្សាលើជំនាញបច្ចេកទេសកសិកម្មនៅប្រទេសអ៊ីស្រាអែល

AKP សៀមរាប ថ្ងៃទី០៥ ខែកញ្ញា ឆ្នំា២០១៨ –ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល បានផ្តល់អាហារូបករណ៍ចំនួន៤០០នាក់ដល់និសិ្សតកម្ពុជាទៅបន្តការសិក្សាលើជំនាញបច្ចេកទេសកសិកម្ម នៅប្រទេសអ៊ីស្រាអែល ហើយក៏បានសន្យាថា នឹងជួយជំរុញដល់ប្រជាជនអ៊ីស្រាអែលឱ្យមកកម្សាន្តនិងធ្វើវិនិយោគនៅកម្ពុជា ជាពិសេសនៅខេត្តសៀមរាបឱ្យបានកាន់តែច្រើន

នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃអង្គារ ៩រោច ​ខែស្រាពណ៍ ឆ្នាំច​សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមមៀ ស្លូម៉ូ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា នេះជាលើកទី២ហើយដែលឯកឧត្តមបានមកកាន់ ខេត្តសៀមរាប ដែលជាខេត្តកសិកម្ម និងទេសចរណ៍ដ៏ល្បីល្បាញរបស់កម្ពុជា

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្តថា ដោយសារទំនាក់ទំនងការទូតកម្ពុជានិងអ៊ីស្រាអែល មានកិច្ចសហប្រតិបត្តិការគ្នាល្អ ឯកឧត្តមនឹងជួយផ្សព្វផ្សាយ និងជំរុញដល់ប្រជាជនអ៊ីស្រាអែលឱ្យមកធ្វើទេសចរ និង វិនិយោគនៅកម្ពុជា ជាពិសេសនៅខេត្តសៀមរាបឱ្យបានកាន់តែច្រើទោះបីប្រទេសអ៊ីស្រាអែលតូចមែនពិត។

ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា អ៊ីស្រាអែលនឹងផ្តល់អាហារូបករណ៍ដល់និសិ្សតផ្នែកកសិកម្មនៅខេត្តសៀមរាបចំនួន៤០០នាក់ បានទៅសិក្សានៅប្រទេសអ៊ីស្រាអែល ដើមី្បទទួលបានជំនាញបច្ចេកទេសលើវិស័យកសិកម្មក្រៅពីនេះឯកឧត្តមក៏នឹងរៀបចំនូវកម្មវិធីមួយ ក្នុងការផ្លាស់ប្តូរនូវដំណើរទស្សនកិច្ចសិក្សារវាងអ៊ីស្រាអែល និងកម្ពុជា ជាពិសេសនៅខេត្តសៀមរាប។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានមានប្រសាសន៍ថា ដំណើរបំពេញបេសកកម្មរបស់ឯកឧត្តមអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅកម្ពុជាពេលនេះ គឺជាការបង្កើតចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្តសៀមរាប និងប្រទេសអ៊ីស្រាអែល ដែលនាំមកនូវការរីកចម្រើនថ្មីថែមទៀតរវាងប្រទេសទាំងពីរ។  

ឯកឧត្តមបានបញ្ជាក់ថា ជាការពិតណាស់ខេត្តសៀមរាបជាគោលដៅនៃភ្ញៀវទេសចរ ហើយក៏ជាខេត្តមានសក្តានុពលផ្នែកកសិកម្មដែរ។ នៅក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៨នេះ ភ្ញៀវទេសចរចូលមកកម្សាន្តនៅខេត្តសៀមរាបមានចំនួន ៤.២០៣.៣០៧នាក់ ក្នុងនោះភ្ញៀវបរទេសមាន.៧៥៣.៦១៤នាក់ ក្រៅពីវិស័យទេសចរណ៍ប្រជាពលរដ្ឋខេត្តសៀមរាបប្រមាណ ៨២ភាគរយបានពឹងផ្អែកលើវិស័យកសិកម្ម  ដោយបច្ចុប្បន្នបងប្អូនប្រជាកសិក មានការយល់ដឹងនៅមានកម្រិតនៅឡើយផ្នែកបច្ចេកទេសលើវិស័យកសិកម្មនេះ។  

ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអ៊ីស្រាអែល ដែលបានផ្តល់អាហារូបករណ៍ដល់និសិ្សតផ្នែកកសិកម្មនៅខេត្តសៀមរាបចំនួន៤០០នាក់ បានទៅសិក្សានៅប្រទេសអ៊ីស្រាអែល និងជួយជំរុញដល់ប្រជាជនអ៊ីស្រាអែលឱ្យមកកម្សាន្តនិងធ្វើវិនិយោគនៅកម្ពុជា ជាពិសេសនៅខេត្តសៀមរាបឱ្យបានកាន់តែច្រើន៕

ដោយ ឃុត សៅ