ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ធនាគារពិភពលោកផ្តល់ប្រាក់កម្ចី២០លានដុល្លារអាម៉េរិក សម្រាប់គម្រោងសាងសង់បណ្តាញលូប្រមូលទឹកសំណល់ក្នុងក្រុងសៀមរាប

AKP សៀមរាប ថ្ងៃទី០៥ ខែកញ្ញា ឆ្នំា២០១៨ –នាគារពិភពលោក(WB)បានផ្តល់ប្រាក់កម្ចី ២០លានដុល្លារអាម៉េរិកសម្រាប់ប្រើប្រាស់ក្នុងគម្រោងទឹកស្អាត និងអនាម័យ ដោយការសាងសង់បណ្តាញលូប្រមូលទឹកសំណល់ក្នុងក្រុងសៀមរាប ខណៈ​អាជ្ញាធរ​ខេត្ត​សៀមរាប លើក​ឡើង​ថា នៅមាន​កង្វះបណ្តាញលូខ្នែងនៅក្រុងមួយនេះ

នៅក្នុងកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ លើផែនការអភិវឌ្ឍន៍ប្រព័ន្ធបណ្តាញលូ ប្រមូលទឹកសំណល់ក្នុងក្រុងសៀមរាប ដែលបានធ្វើឡើងនៅសាលាខេត្តសៀមរាប កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ លោក ទៀ សីហា អភិបាលរងខេត្តសៀមរាបបានលើកឡើងថា ខេត្តសៀមរាបគឺជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជា មានប្រជាពលរដ្ឋរស់នៅប្រមាណជា ២៤ម៉ឺននាក់ និងទទួលបានភ្ញៀវទេសចរជាច្រើនក្នុង១ឆ្នាំបានមកកម្សាន្តនៅទីនេះ។បើពិនិត្យមើលទៅលើតម្រូវការក្នុងការបញ្ចេញចោលទឹកកខ្វក់ក្នុង១ថ្ងៃមានប្រមាណជា ២៥ពាន់ម៉ែត្រត្រីគុណ តែលទ្ធភាពដែលអាចគ្រប់គ្រងបានជាក់ស្តែង គឺត្រឹមតែពាន់ម៉ែត្រត្រីគុណតែប៉ុណ្ណោះក្នុង១ថ្ងៃ ដែលកម្រឹតនេះគឺជាបញ្ហាដែលតម្រូវឱ្យមានការគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍នានា ។  

ឯកឧត្តម កែន រដ្ឋា អគ្គនាយករង អគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា ថ្មីៗនេះធនាគារពិភពលោក បានសម្រេចផ្តល់ប្រាក់កម្ចី ២០ លានដុល្លាអាម៉េរិក សម្រាប់គម្រោងទឹកស្អាត អនាម័យ ប្រើប្រាស់សម្រាប់ការសាងសង់     បណ្តាញលូខ្នែង និង ខ្នែងរងទឹកកខ្វក់ តភ្ជាប់ពីលំនៅឋានប្រជាពលរដ្ឋ នាំទៅកាន់បណ្តាញលូមេ ដែលមានស្រាប់ក្នុងក្រុងសៀមរាប ដើម្បីប្រមូលទឹកកខ្វក់ទាំងនោះចេញពីផ្ទះប្រជាពល រដ្ឋ ចូលទៅស្ថានីយច្រោះសម្អាតទឹកសំណល់  ដើម្បីបរិស្ថាន អនាម័យ និងសុខភាព មុននឹងត្រូវបានបញ្ចេញទៅកាន់ប្រភពទឹកសាធារណៈវិញ ។

ឯកឧត្តមបានឱ្យដឹងទៀតថា ដើម្បីជំរុញការអនុវត្តគម្រោងនេះ កិច្ចផ្តួចផ្តើមអភិវឌ្ឍន៍ទីក្រុងសម្រាប់ទ្វីបអាស៊ីដែលហៅកាត់ថា ( CDIA ) បានសម្រេចផ្តល់ថវិកាគាំទ្រក្នុងការជ្រើសរើសទីប្រឹក្សាបច្ចេកទេសដើម្បីសិក្សា និងផលិតឯកសារពាក់ព័ន្ធសំខាន់ៗមួយចំនួន ដូចជាការសិក្សាសមិទ្ធលទ្ធភាព និងផែនការអភិវឌ្ឍន៍បណ្តាញប្រមូលទឹកកខ្វក់ក្នុងក្រុងសៀមរាប និងឯកសារប្លង់លម្អិត ។

សូមបញ្ជាក់ដែរថា កិច្ចប្រជុំនេះក៏មានវត្តមានក្រុមការងារធនាគារពិភពលោក បង្ហាញនូវរបាយការណ៍ស្តីពីលទ្ធផលបឋម នៃផែនការអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ក្នុងក្រុងសៀមរាប ដែលបាននិងកំពុងសិក្សារយៈពេល២ខែកន្លងមក ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ( SUEZ )  ជូនគណកម្មាធិការដឹកនាំដើម្បីជ្រាប និងពិគ្រោះយោបល់បន្ថែម  ប្រមូលធាតុចូលធ្វើឱ្យរបាយការណ៍នេះ មានខ្លឹមសារគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពក្នុងការអនុវត្ត

ដោយ ឃុត សៅ